ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នាព្រឹកថៃ្ងទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២៧ នាទី នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៣-១៣៤ ស្ថិតក្នុងភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរបង្កឡើងរវាងរថយន្ដ ២គ្រឿង ម៉ាក HYUNDAI Mighty ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 1411 បើកបរដោយឈ្មោះ សាម ចន្ធី ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ។រថយន្ដដឹកកម្មករចំណុះ ៤៩នាក់ ស្រី ៤៤នាក់។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍ថាមុនកើតហេតុ រថយន្ដដឹកកម្មករបានធ្វើដំណើរមកដល់ចំណុចកើតហេតុបានប៉ះជាមួយរថយន្ដ ១គ្រឿង ម៉ាក HINO ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ស្វាយរៀង 3A,0530 បើកបរក្នុងទិសដៅញ្ច្រាសគ្នា អ្នកបើកបរបានចុះរត់គេចខ្លួនបាត់(គ្មានអត្ដសញ្ញាណ កំពុងស្រាវជ្រាវ) ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលអោយរងរបួសកម្មករ កម្មការិនី ចំនួន ១២ នាក់ ដាច់ដៃ និងរបួសធ្ងន់ចំនួន ០៨ នាក់។
សមត្ថកិច្ចនគរបាលចរាចរណ៍មិនទាន់បញ្ជាក់អំពីបញ្ហាបច្ចេកទេសបាននៅឡើយទេ ព្រោះកំពុងតែធ្វើការជួយសម្រួលចរាចរណ៍និងសង្គ្រោះជីវិតមនុស្សសិន ប៉ុន្តែការគ្រោះថ្នាក់បណ្ដាលឲ្យដាច់ដៃ គឺមូលហេតុមកពីកម្មករ កម្មការិនី ជិះឡានដៃតោងចេញក្រៅទ្រុងរថយន្ដ សំណូមពរដល់បងប្អូនកម្មករ កម្មការិនី ពេលធ្វើដំណើរមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះ អ្នកបើកបរដឹកកម្មករ និងអ្នកបើកបររថយន្ដដឹកទំនិញផ្សេងៗទៀត សូមមេត្ដាកុំបើកបរដោយខ្វះការប្រុងប្រយ័ត្ន ល្បឿនតាមកំណត់ច្បាប់ ពេលវេលាសូមគឹតគូរអំពីសុវត្ថិភាពចរាចរណ៍ជាចម្បង វាសនាអ្នកជិះផ្ញើលើអ្នកបើកបរទាំងអស់ ។
បច្ចុប្បន្នកំលាំងនគរបាល និងក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះនិងដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ មួយចំនួនព្យាបាលនៅមណ្ឌលសុខភាពវាលពន់ ចំណែកជនរងគ្រោះខ្លាំងបានបញ្ជូនបន្ដទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
“ថៃ្ងនេះថៃ្ងស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរ” នៅមិនទាន់ទទួលបានលទ្ធផល ដូច្នេះគម្បី គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ ដោយ ៖ កូឡាប