Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ា​នី ៖​សិល្ប​: វប្បធម៌ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច សង្គម និង​អប់រំ​

​ភ្នំពេញ ​៖ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ដឹកនាំ​ដោយ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ជួបប្រជុំ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​សិក្សា​ស្វែងយល់​ពី​លទ្ធផល ការងារ​ដែល​ក្រសួង​សម្រេចបាន ក៏ដូចជា​ចំណុច​ខ្វះខាត បញ្ហា​ប្រឈម ដើម្បី​ធ្វើយ៉ាងណា​អោយ​ការងារ​របស់​ក្រសួង មាន​ប្រសិទ្ធិភាព​កាន់តែ​ខ្ពស់ ក្នុងការ​លើកកម្ពស់​វ​ប្ប​ធម៌ ប្រពៃណី និង​សេដ្ឋកិច្ចជាតិ​។ លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា គុណ​តម្លៃ​សិល្ប​: វប្បធម៌ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​នានា រួមមាន​ទេសចរណ៍ សេដ្ឋកិច្ច សង្គម និង​អប់រំ​។​

​លោក​ប្រធាន​គណៈកម្មការ​បាន​សង្ក​ត់​ធ្ងន់​ថា ស្រប​ពេលដែល​មានការ​អភិរក្ស​នូវ​អ្វី​ដែលមាន​ស្រាប់ ការអប់រំ​ក៏ត្រូវ​តែ​ធ្វើឡើង​ផងដែរ​។ លោក ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់ថា ការអប់រំ​ពី​សិល្ប​:​ដល់​សាធារណជន​គឺជា​ការលើកកម្ពស់​នូវ​ដួងព្រលឹង​ស្នេហា​ជាតិ​។​

​លោក ហ៊ុន ម៉ា​នី បានកត់សម្គាល់​ឃើញ​ពី​វឌ្ឍនភាព​ជាច្រើន​នៅក្នុង​វិស័យ​វប្បធម៌ និង​សិល្ប​:​ក្រោម​ការដឹកនាំ​របស់​លោកជំទាវ​រដ្ឋមន្ត្រី ក្នុងនោះ​មានការ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌​តាមរយ​:​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការផ្សព្វផ្សាយ​សកម្មភាព​វប្បធម៌ ឬ​ការ​បំផុស​ស្នាដៃ និង​ការស្រាវជ្រាវ​។ ការ​ចងក្រង​ឯកសារ​សំខាន់ៗ​អំពី​វប្បធម៌ និង​សិល្ប​: សម្រាប់​សាធារណជន និង​អ្នកជំនាន់ក្រោយ​ជាដើម​។​

​លោកស្រី ភឿង ស​កុ​ណា បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​ក្រសួង ដូចជា​ក្នុងពេល​សម័យ​បច្ចេក វិទ្យា​ជឿនលឿន ពិសេស​បណ្តាញ​សង្គម​សម្បូរបែប​នោះ ក្រសួង​ពិបាក​ទប់ស្កាត់​ការផ្សព្វផ្សាយ​ស្នាដៃ​សិល្បៈ​របស់​មហាជន ឬ​សិល្បៈករ​ខ្លះ ដែលមាន​លក្ខណៈ អសីលធម៌ ឬ​បានធ្វើអោយ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ជាតិ​។​

​លោក​ហ៊ុន ម៉ា​នី បាន​ជំរុញ​ក្រសួង​បន្ត​ថែរក្សា អភិរក្ស​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ តាមរយៈ​រៀបចំ​យន្តការ​បទដ្ឋាន​គតិយុត្ត និង​ផែនការ​ការងារ​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​។ បន្ត​ការយកចិត្តទុកដាក់​ប​ណ្ដុះ​បណ្ដាល និង​លើកទឹកចិត្ត​អ្នកជំនាញ និង​សិល្បៈ​គ្រប់​ទម្រង់​ទាំង​បរិមាណ និង​គុណភាព​។​

​ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន និង​បានចាត់ទុក​កិច្ចប្រជុំ​នាឱកាស​នេះ ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ស្មារតី​សហការ កែលម្អ និង​ជំរុញ​អនុវត្ត​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ នៅក្នុង​នីតិកាល​ទី​៦​នេះ ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ជូន​ដល់​ប្រជាជាតិ​៕​ ​ដោយ​ ៖​ កូ​ឡាប​

×