សៀមរាប ៖ មានសេចក្តីរាយការណ៍មកសមត្ថកិច្ចថា ៖ មានជនអានាមិកបង្កៃគ្រាប់បែកមួយនៅម្តុំព្រះអង្គចេក ព្រះអង្គចម មុខព្រះរាជតំណាក់ ខេត្តសៀមរាប ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃ ០៥ ខែមេសា ឆ្នាំ ២០១៩ ។
មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានមករំដោះជាស្ថាពរហើយ គួរអស់សំណើច ទៅវិញទេ គឺមិនមែនជាគ្រាប់បែកទេ គឺសម្បកកំប៉ុងច្នៃមានតខ្សែស្រដៀងនឹងគ្រាប់បែក ឆ្លងតាមការពិនិត្យយ៉ាងច្បាស់លាស់ទៅឃើញថា គឺជា ប្រដាប់បំពងសម្លេង (MP3) ដែលគេបោះចោលនៅក្រោមបង់ថ្មកន្លែងអង្គុយលេង ។ សូមមហាជនជ្រាប និងកុំមានការយល់ច្រឡំចំពោះព័ត៌មាន តាមការបង្ហោះរបស់បណ្តាញសង្គម FB ទាំងនោះអី ។ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាបបានបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងជិត ឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានត្រៀមផែនការរួចជាស្រេចដើម្បីការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅសង្ក្រាន្ត សៀមរាប ។
សូមបញ្ជាក់ផងដែរថា សង្ក្រាន្តសៀមរាបត្រូវបានរៀបចំឡើង ដោយអាជ្ញាធរខេត្តសៀមរាប នៅម្តុំបរិវេណមាត់ស្ទឹងសៀមរាប ជាប់និងព្រះរាជ ដំណាក់ ។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិនិងភ្ញៀវទេសចរមកកម្សាន្តនៅក្នុងសង្ក្រាន្តសៀមរាប ដោយក្តីរីករាយទាំងអស់គ្នា ៕ ដោយ៖បញ្ញាស័ក្តិ