ភ្នំពេញ ៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងសហការជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ មានចំនួន៣ក្រុម ចាត់វិធានការទប់ស្កាត់ការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈជំងឺ នេះ បានចម្លងទៅ សត្វ ជ្រូកក្នុងកសិដ្ឋាន ដែលនៅក្នុង ឃុំសោមធំ ស្រុកអូរយ៉ាវ ដាវ ខេត្តរតនគីរី ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី 5 ខែមេសាឆ្នាំ 2019នេះ បានផ្សាយព័ត៌មាននៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងដោយបានបញ្ជាក់ប្រាប់ថា ចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មក ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននិងកំពុងសហការជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ មានចំនួន៣ក្រុម ចាត់វិធានការទប់ស្កាត់ការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ ក្រុមទី១ ៖ អនុវត្តវិធានជីវសុវត្ថិភាព កំទេចនិងកប់សត្វមានជំងឺ ព្រមទាំងបាញ់ថ្នាំ។ ក្រុមទី២ ៖ អន្តរាគមន៍ទប់ស្កាត់ចលនាសត្វចេញ ចូលក្នងតំបន់ផ្ទុះជំងឺក្នុងកាំរង្វង់៣គ.ម។ ក្រុមទី៣ ៖ ក្រុមអង្កេត (Surveilance) ត្រួតពិនិត្យក្នុងតំបន់និងតំបន់ក្បែរខាង ដើម្បីកំណត់រកពីវត្តមានរាលដាលនៃជំងឺ។
តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្ននេះ ពុំឃើញការរាលដាលនៃជំងឺនេះទេ។
បើតាមការផ្សាយរបស់គេហទំព័រសារពត៌មានមួយចំនួននៅក្នុងស្រុកដែលបោះពុម្ពជាភាសាខ្មែរបានលើកឡើងថា មាន
ជ្រូក ៤០០ ក្បាល បានងាប់ និង ១០០ ក្បាលទៀតត្រូវបានអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពនិងផលិតផលកម្មសត្វប្រមូលមកសម្លាប់ចោល ដោយសារមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលឆ្លងពីប្រទេសវៀតណាម ។ ជំងឺនេះបានចម្លងទៅសត្វជ្រូកក្នុងកសិដ្ឋានដែលនៅក្នុងឃុំសោមធំស្រុកអូរយ៉ាវដាវខេត្តរតនគីរីកាលពីថ្ងៃទី២២ ខែមីនា មកម្ល៉េះ ។
លោក តាន់ ផាន់ ណា រ៉ា អគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននិយាយថា មូលហេតុដែលនាំឲ្យមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ដោយសារតែពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ឃុំសោមធំ ស្រុកអូរយ៉ាវដាវនោះ បានដោះដូរ ទំនិញជ្រូក ជាមួយភាគីវៀតណាម ទៅវិញទៅមក ដែលជាហេតុធ្វើឲ្យជ្រូកនៅកម្ពុជាមានជំងឺប៉េស្តជ្រូក អាហ្វ្រិក ។ បើតាមលោកតាន់ ផាន់ណារ៉ា រហូតមកដល់ពេលនេះ ក្រុមការងារ របស់លោកកំពុងតែប្រមូលទិញជ្រូកពីកសិករចិញ្ចឹមជ្រូកដើម្បីសម្លាប់ចោល ហើយក៏បានបាញ់ថ្នាំសម្លាប់មេរោគ ដែល មាននៅតំបន់នោះផងដែរ ដើម្បីទប់ស្កាត់ជំងឺមិនឲ្យរាតត្បាតឆ្លងទៅតំបន់ផ្សេងៗទៀតឡើយ ។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅឆ្នាំ ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក និងចុងក្រោយជំងឺនេះបានផ្ទុះឡើង នៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០១៨ រួចបន្តរាល ឆ្លងចូលក្នុងប្រទេសចិន ។ បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ កំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាល នៃប្រទេសវៀតណាម ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី 2 ខែមេសាឆ្នាំ 2019 លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចេញលិខិតមួយច្បាប់ ដោយជម្រាបជូនដល់អភិបាលខេត្តរតនគិរី សំណើចាត់វិធានការទប់ស្កាត់ចលនាសត្វ ជ្រូក សាច់ជ្រូកនិងផលិតផលមានដើមកំណើតពីសត្វជ្រូកចេញពភូមិសោមកានិញឃុំសោមធំស្រុកអូរយ៉ាដាវខត្តរតនគិរី។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា យោងតាមលទ្ធផលនៃការវិភាគរបស់វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានរកឃើញវត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកពីវត្ថុវិភាគឈាមជ្រូកចំនួន 5 របស់កសិដ្ឋានចិញ្ចឹមជ្រូកពូជអំបូរជាលក្ខណៈព្រលែង ពីភូមិសោមកានិញឃុំសោមធំស្រុកអូរយ៉ាដាវខេត្តរតនគិរី។ ករណីនេះបញ្ជាក់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច ជាលើកដំបូងនៅកម្ពុជាដែលជំងឺនេះជាជំងឺកាចសាហាវហើយឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយដែលបណ្តាលឲ្យជ្រូកឈឺនិងមានអត្រាខ្ពស់រហូតដល់ 100% ដែលអាចបណ្តាលឲ្យមានការខាតបង់ពោះដល់អ្នកចិញ្ចឹមជ្រូក។
បើតាមលោករដ្ឋមន្ត្រីបានស្នើសុំឲ្យអភិបាលខេត្តរតនគិរីនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបច្ចេកទេសរបស់មន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វ ជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតចេញពីសក់ជ្រុះចេញពីតំបន់ផ្ទុះជំងឺឆ្លងទៅលើក្នុងរង្វង់កាំ buu ម៉ែត្រដើម្បីអនុវត្តវិធានការបច្ចេកទេសបសុព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ កូឡាប