Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ​៖ កម្ពុជា​គាំទ្រ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា និង​គោលនយោបាយ​សេរី​ភា​វូប​ពាណិជ្ជកម្ម​

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ និង​ប្រកាស​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) អាស៊ាន​-​កាណាដា ដើម្បី​ជំរុញ​សេរី​ភា​វូប​ពាណិជ្ជកម្ម និង​ទាញយក​អត្ថប្រយោជន៍​ពី​ភាពជា​ដៃគូ​កម្រិត​តំបន់​នេះ សំដៅ​បម្រើការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​នៅក្នុង​ជំនួប​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ លោក អៀន ប៊ឺ​ចិត (Ian Burchett) អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​ពិភពលោក នៃ​ប្រទេស​កាណាដា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៥ ខែមេសា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា កម្ពុជា​ជឿជាក់​លើ​របប​សេរី​ភា​វូប​ពាណិជ្ជកម្ម និង​តែង​គាំទ្រ​គោលនយោបាយ​ពាណិជ្ជកម្ម​ពហុភាគី នៅ​គ្រប់​វេទិកា​អន្តរជាតិ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។​

«​នៅ​ថ្ងៃ​អនាគត កម្ពុជា​ក៏​ចង់​មាន FTA ដោយឡែក ជាមួយ​កាណាដា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាពិសេស​ការបណ្តុះបណ្តាល​ធនធានមនុស្ស និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា សំដៅ​កាត់បន្ថយ​គម្លាត​ជំនាញ និង​លើកស្ទួយ​សហគ្រិនភាព​យុវជន​កម្ពុជា​» លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​បន្ថែម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន លោក អៀន ប៊ឺ​ចិត អំពី​កំណែទម្រង់​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា សក្តានុពល​នៃ​វិស័យ​កសិកម្ម សមិទ្ធផល​លើ​វិស័យ​គមនាគមន៍ គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជំរុញ ឯកឧត្តម អៀន ប៊ឺ​ចិត ជួយ​កៀងគរ​ធុរជន​កាណាដា ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប លោក អៀន ប៊ឺ​ចិត បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កាណាដា និង​តែង​ជួយ​សម្របសម្រួល​ការវិនិយោគ​របស់​ធុរជន​កាណាដា នៅ​កម្ពុជា​។ ឯកឧត្តម អគ្គនាយក​រូបនេះ ក៏បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី អំពី​អត្ថប្រយោជន៍​នៃ FTA អាស៊ាន​-​កាណាដា និង​កម្មវិធី​អាហារូបករណ៍​របស់រ​ដ្ឋា​ភិ​បាល​កាណាដា សម្រាប់​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​។​

​ទន្ទឹមគ្នា​នោះដែរ លោក អៀន ប៊ឺ​ចិត ក៏បាន​បន្ត​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី អំពី​គម្រោង​វិនិយោគ​របស់​កាណាដា លើ​វិស័យ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​បានកត់សម្គាល់​អំពី​វឌ្ឍនភាព​នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​កម្ពុជា ព្រមទាំង​ភាពជោគជ័យ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ផងដែរ​។​ ដោយ​៖​កូ​ឡាប​

×