Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រាប់​វិនិយោគិន​ជប៉ុន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទីក្រុង​ធម្មជាតិ​គិរី​រម្យ​

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​វិនិយោគិន​ជប៉ុន ធ្វើ​ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដើម្បី​ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​ម្យ ដែល​ហ៊ុំព័ទ្ធ​ដោយ​តំបន់​អេកូ​ទេសចរណ៍​បៃតង បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បុរី​លំហែ​សម្រាប់​និវត្តន៍​ជន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ប្រែក្លាយ​គម្រោង​មួយ​នេះ ឱ្យទៅ​ជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ធម្មជាតិ នៅ​តាម​ប្រទេស​ក្នុង​តំបន់​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា (Takeshi Izuka) នាយក​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd នៅ​ទី​ស្តី​ការ​ក្រសួង កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៥ ខែ​មេសា ឆ្នាំ​២០១៩ លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​ម្យ និង​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សេងៗ សំដៅ​ទាក់ទាញ​វត្ត​មាន​ភ្ញៀវទេសចរ និង​វិនិយោគិន ឱ្យ​ចូល​មក​ទស្សនា និង​ស្វែងយល់​អំពី​សក្តានុពល​ទីក្រុង​មួយ​នេះ​។​

​លោកស្រី រដ្ឋមន្ត្រី បាន​កោតសរសើរ​គំនិត​ច្នៃប្រឌិត​របស់លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា ដែល​បាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុ​មៈ ទៅ​ជា​ទីក្រុង​អេកូ​ទេសចរណ៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ (K.I.T) ដើម្បី​ផ្តល់​ឱ្យ​កូន​ខ្មែរ​នូវ​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ពិសេស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​បរិស្ថាន​បៃតង និង​ឧស្សាហកម្ម​គ្មាន​ផ្សែង (​ទេសចរណ៍​) នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជា​ការឆ្លើយតប លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​រម្យ និង​បាន​ជម្រាបជូន​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុងការ​ប្រែក្លាយ​ទីក្រុង​នេះ ឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប​ប្រកបដោយ​និរន្ត​ភាព តាមរយៈ​ការនាំមក​នូវ​រថយន្ត​អគ្គិសនី ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែម សម្រាប់​និស្សិត​ខ្មែរ និង​ជប៉ុន ដែល​កំពុង​សិក្សា​នៅ K.I.T ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម ៤.០ និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​

​សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៥២១​លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិ​យោគ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុ​មៈ ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ សម្បូរ​ទៅដោយ​ដើម​ស្រល់ និង​មាន​ជ្រោះ​ជ្រលង​ដងអូរ ហូរ​ធ្លាក់​បង្កើតបាន​ជា​តន្ត្រី​ធម្មជាតិ បំពេរ​អារម្មណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ល្ហែល្ហើយ​ស្បើយ​អស់​ពី​ទុក្ខា​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា ដល់​និស្សិត​ខ្មែរ​ជាង ២០០​នាក់ និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ប្រមាណ​ជាង ៤៥០​នាក់​ផង​ដែរ​៕​ ​ដោយ​៖​កូឡាប​

    

×