(ស្វាយរៀង) ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្នមន្ត្រី និងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០១៩នេះបានមានប្រសាសន៍ថាៈកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។
ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកស្រី អញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣គ.ស២០១៩ដែលមានទេវតាព្រះនាម ទុង្សាទេវី។ ហើយនៅក្នុងពិធីនេះក៏មានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងលោកស្រី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិងលោកស្រី អស់លោក លោកស្រីជារដ្ឋលេខាធិការ ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង មន្ត្រីរាជការស្រុកក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្ត ជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ នាសាលប្រជុំធំសាលាខេត្តស្វាយរៀង។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងនូវការផ្តាំផ្ញើរនិងសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់បងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងនិងភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែនសំអន បានថ្លែងទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាល បានដាក់ចេញទទួលបានជោគជ័យមួយកំរិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ធានាបានសេដ្ឋកិចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការអោយមានជីវភាពសមរម្យ។
លោកស្រីបានបញ្ជាក់ថាការជួបជុំគ្នានៅពេលនេះស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះវាជាប្រពៃណីដ៏យូមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹមបានញុាំងអោយមានបរិយាកាសមានភាពអធិកអធមប៉ុណ្ណោះទេប៉ុន្តែក៏បានបង្ហាញអោយឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាមហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក។
លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា «រាជរដ្ឋាភិបាល បានគៀងគរអ្នកវិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទន់រកស៊ីដូចជា ខេត្តស្វាយរៀងយើងនេះ មានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករ និយោជិកបានជាច្រើនម៉ឺននាក់ និងបានកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ»។
លោកស្រីម៉ែន សំអនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងអោយបានច្រើនកុះករហើយត្រូវប្រុងប្រយត្ន័ភ្លើងអគ្គីភ័យដែលកើតឡើងជាយថាហេតុនិងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ។
សូមបញ្ជាក់ថានៅចុងបញ្ចប់នៃកម្មវិធីក៏មានជូនបាច់ផ្កានិងកាដូរឆ្នាំថ្មីជូនគ្នាទៅវិញទៅមកនិងពិសារអាហារសាមគ្គីយ៉ាងសប្បាយរីករាយផងដែរ៕ ដោយ ៖ វ៉ៃកូ