ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់ភ្លាមៗ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយបញ្ហាអសកម្មរបស់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដី ដើម្បីធានាការអភិវឌ្ឍកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើន។ ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើករព្រមានដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធដែលបំ
ពេញការងារមិនសុក្រិត ។
លោកព្រមានធ្ងន់ៗថាការងារផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗគឺជាបន្ទាត់វាស់ឲ្យដឹងថាតើខ្លួនមានសមត្ថភាពឬក៏គ្មាន ហើយខ្លួនបំពេញការងារដោយយុត្តិធម៌ឬមិនយុត្តិធម៌ ? លោកបញ្ជាក់ថាលោកមិនបណ្ដេញនរណាចេញពីសហព័ន្ធនោះទេតែបើមន្ត្រីរូបនោះបំពេញការងារដោយមិនប្រក្រតីនោះក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹងចាត់ការរឿងនេះ ហើយបើក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរកឃើញថាមានកំហុសហើយតែមន្ត្រីរូបនោះនៅតែមិនកែប្រែលោកនឹងចាត់ការតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យហើយ ។
លោកបន្តថា ពេលនេះលោកត្រូវតែកែទម្រង់មន្ត្រីបច្ចេកទេសឲ្យខាងតែបាន ។ការផ្ដល់ពិន្ទុមិនប្រក្រតីតើមានអ្វីនៅពីក្រោយខ្នងទើបគេធ្វើបែបនេះ ។ ការផ្ដល់ពិន្ទុមិនយុត្តិធម៌វាមិនមែនជារឿងអាម៉ាស់របស់មន្ត្រីរូបនោះតែម្នាក់ឯងទេតែជារឿងអាម៉ាស់របស់សហព័ន្ធ និងជាតិទាំងមូលនេះប្រសិនបើជាការប្រកួតជាមួយបរទេស ។
ប្រមុខប្រដាល់គុនខ្មែររូបនេះ ក៏ព្រមានដល់គ្រូបង្វឹកចាស់ៗដែលតាំងខ្លួនឯងជាព្រឹទ្ធាចារ្យអង្គុយចាំតែចាប់កំហុសគេ និងបន្ទោសដល់មន្ត្រីថ្មីៗ គ្រូចាស់ៗត្រូវតែផ្ដល់នូវបទពិសោធន៍ដែលខ្លួនមាន ដល់មន្ត្រីថ្មីៗ ហើយមិនត្រូវតាំងឬក្សខ្លួនថាជាព្រឹទ្ធាចារ្យឲ្យសោះ ។ត្រូវដឹងថាសព្វថ្ងៃនេះមានមន្ត្រីថ្មីៗមួយចំនួនមានសមត្ថភាពជាងមន្ត្រីចាស់ៗទៅទៀត ។ គ្រូចាស់ៗ មន្ត្រីចាស់ៗត្រូវតែបន្ថយអំណួត រីឯមន្ត្រីថ្មីៗដែលលេចចេញមកពីកីឡាករល្បីៗនោះ ក៏មិនត្រូវក្អេងក្អាងដែរ ។កន្លងមកមន្ត្រីខ្លះពេលសហព័ន្ធបញ្ឈរជើងរត់ទៅពឹងទូរទស្សន៍ ។ចាប់ពីពេលនេះទៅត្រូវលុបបំបាត់ចេញនូវវប្បធម៌បែបនេះបើមានកំហុសត្រូវតែទទួលការព្រមានហើយបើធ្ងន់ធ្ងរ ឬ មិនព្រមកែខ្លួននឹងត្រូវបណ្ដេញចេញពីការងាររបស់សហព័ន្ធតែម្ដង ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់របស់សហព័ន្ធកាលពីថ្ងៃទី៦ ខែមេសា។
លោកថា ចាប់ពីពេលនេះសហព័ន្ធនឹងអនុវត្តយុទ្ធសាស្ត្រព្យាបាលវះកាត់ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍដោយគ្មានការយោគយល់ឡើយ។ លោក បានទទួលស្គាល់ថា ការអនុវត្តការងាររបស់មន្ត្រីជំនាញក្រោមឱវាទ ពិតជាមានបញ្ហាពិតមែន រហូតពេលខ្លះអ្នកឈ្នះទៅចាញ់ អ្នកចាញ់ទៅជាឈ្នះក៏មាន។ ដូច្នេះការងារនឹងត្រូវកំណត់ពួកគេគួរបន្តនៅ ឬអត់ តាមការអនុវត្តជាក់ស្ដែងរបស់ពួកគេ។ លោក តែម ម៉ឺន បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកមកអនុវត្តក្នុងសហព័ន្ធ ដោយលោក ប្ដេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។ មម្យ៉ាងវិញទៀតលោក ក៏បានសម្ដែងការសូមទោសចំពោះសម្ដេចតេជោ សម្រាប់អាជ្ញាកណ្ដាលមួយចំនួនដែលអនុវត្តការងារ មិនអាចទទួលយកបាន និងបានព្រមានមន្ត្រីក្រោមឱវាទថា កុំស្មានខ្លួនធ្វើអ្វីថ្នាក់ដឹកនាំមិនដឹង ហេតុនេះបើដឹងខ្លួនត្រូវប្រញាប់កែតម្រូវជាបន្ទាន់។
សូមរំលឹកថា ក្នុងពិធីជួបជុំមហាគ្រួសារកីឡាជាតិលើកទី៤ កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវភាពអសកម្មមួយចំនួន ដែលកើតឡើងក្នុងវិស័យកីឡាពិសេសកីឡាប្រដាល់ ដោយអាជ្ញាកណ្ដាលបានផ្ដល់ពិន្ទុមិនយុត្តិធម៌ តាមសង្វៀនស្ថានីយទូរទស្សន៍មួយចំនួន ដែលធ្វើឲ្យកីឡាករបាក់ទឹកចិត្ត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិទៀតផង ដោយសារកីឡាករបរទេសខ្លះមិនវៃត្រូវឈ្នះ បែរជាឲ្យចាញ់ទៅវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រាប់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាបណ្ដុះបណ្ដាល និងក្រមសីលធម៌នៃអាជ្ញាកណ្ដាល បើមិនព្រមកែប្រែទេ សម្ដេចនឹងចេញមុខដោះស្រាយជូនកីឡាករដែលរងនូវអំពើអយុត្តិធម៌។ សម្ដេចអះអាងថា មិនកាន់ជើងកីឡាករខ្មែរ ហើយក៏មិនកាន់ជើងកីឡាករបរទេស តែទូរទស្សន៍ខ្លះទាល់តែកីឡាករខ្មែរវៃបរទេសដួលបានឲ្យឈ្នះ ឯទូរទស្សន៍ខ្លះទាល់តែកីឡាករបរទេសវៃខ្មែរដួល បានកីឡាករបរទេសឈ្នះ៕ ដោយ៖បញ្ញាស័ក្តិ