Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសីហនុ​បាននិងកំពុង​ទទួលបាន​ផល​ពី​ផ្លែផ្កា​សុខសន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​

spot_img

​ព្រះសីហនុ ​៖ «​ខេត្ត​ព្រះសីហនុ​បាននិងកំពុង​ទទួលបាន​ផល​ពី​ផ្លែផ្កា​សុខសន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ដែល​បានមកពី​ការយក​ជីវិត​ធ្វើ​ដើមទុន​របស់​ថ្នាក់ដឹកនាំ​យើង​»​។ នេះ​គឺជា​ការ​ថ្លែង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០១៩ នេះ អំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន ការផ្លាស់ប្តូរ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​កាលពី​ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ «​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​គិតគូរ​ដើម្បី​ទាញយក​ផល​នៃ​ការអភិវឌ្ឍ ក្នុង​គោលដៅ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់ ៧%​ក្នុង​មួយឆ្នាំ បង្កើត​ការងារ​ធ្វើ សម្រាប់​ពលរដ្ឋ​កម្ពុជា កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ចំណូល​ជីវភាព​របស់​ប្រជាជន និង​ធានា​នូវ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

​លោក សាយ សំ​អាល់ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោលដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន គូសបញ្ជាក់​នៅ​ចំពោះមុខ​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់មូលដ្ឋាន​ទាំងអស់​ថា កិច្ចការ​អាទិភាព​ចំនួន ៤ ក្នុងចំណោម​ការងារ​ជាច្រើន​ដែល​ក្រុមការងារ​ត្រូវ​ដោះស្រាយ​ឱ្យបាន​គឺ ទី​១) ការពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​ដោយ​សហការគ្នា​រវាង​អាជ្ញាធរខេត្ត កងកម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​ឱ្យបាន​ល្អ​។ ទី​២) ការពារ​ឱ្យបាន​នូវ​បរិយាកាស​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ ព្រមទាំង​វិនិយោគិន​។ ទី​៣) ការគ្រប់គ្រង​ការងារ​សំណង់​ដែលជា​គម្រោង​សាងសង់​ថ្មីៗ​ត្រូវមាន​ការគ្រប់គ្រង​ឱ្យបាន​ល្អ កាត់បន្ថយ​ការបំពុល​ខ្យល់ និង​ទី​៤) ការគ្រប់គ្រង​សំណល់​រឹង​រាវ និង​សំរាម ឱ្យ​បានល្អ​ដើម្បី​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​មាន​សោភ័ណភាព មាន​អនាម័យ​បរិស្ថាន​ល្អ​ស្អាត និង​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​កាន់តែ​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា​ខេត្ត​ព្រះសីហនុ​ត្រូវ បញ្ចប់​ជម្លោះដីធ្លី​ដែល​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​ឱ្យបាន​ទាំងស្រុង​។

​លោក​ថ្លែងថា​៖ «​មិន​ត្រូវឱ្យ​កើតឡើង​នូវ​ជម្លោះ​ថ្មីៗ​ទៀតឡើយ និង​ត្រូវខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ជម្លោះដីធ្លី​ចាស់​ឱ្យបាន​បញ្ចប់​ទាំងស្រុង​»​។ លោក​បាន​គូសបញ្ជាក់ថា​ការដោះស្រាយ​ជម្លោះដីធ្លី​ត្រូវធ្វើឡើង​តាមរយៈ​ការចរចា តាមផ្លូវ​តុលាការ ឬ​តាមរយៈ​ការចុះបញ្ជី​ដីធ្លី​របស់​រដ្ឋ​ឱ្យបាន​សព្វគ្រប់​។ ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​ក៏បាន​ព្រមាន​ផងដែរ​ដល់​ជនខិលខូច​ទាំងឡាយ​ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការ រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ត្រូវ​បញ្ឈប់​ជាបន្ទាន់ និង​លើកឡើងថា​គ្មាន ជនណាម្នាក់​អាចយ​កដី​រដ្ឋ​ទៅ​លក់​ដូច​បានឡើយ​។ ឯកឧត្តម​បន្តថា​ប្រសិនបើ​ជន​ណា​នៅតែ​បំពាន​ច្បាប់ នោះ​នឹងមិន​មានការ​លើកលែង​ឡើយ វិធានការ​ច្បាប់​ដ៏​តឹងរឹង​នឹងត្រូវ​អនុវត្ត​។

​ទាក់ទង​នឹង​បញ្ហា​ទឹកសាប​សម្រាប់​ប្រើប្រាស់​នៅក្នុង​ខេត្ត​ព្រះសីហនុ លោក​សាយ សំ​អាល់ បាន​លើកឡើងថា​ត្រូវតែ​រក្សា​ប្រភព​ទឹកសាប​នៅក្នុង​តំបន់​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​រក្សា​ឱ្យបាន​គង់វង្ស​នូវ​ប្រភពទឹក​សម្រាប់​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង ក៏ដូចជា​ការផលិត​ទឹក និង​ការ​ចែកចាយ​ទឹក ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​នានា​នៅក្នុង​ខេត្ត​ព្រៃ​សីហនុ​នេះ​។ លោក​រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ ក៏បាន​ថ្លែងថា ករណី​ដូចគ្នានេះ ក៏ត្រូវ​អនុវត្ត​ផងដែរ​ចំពោះ​ការគ្រប់គ្រង​ចរន្តអគ្គិសនី ក៏ដូចជា​ប្រព័ន្ធ​លូ និង​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​។ ដើម្បី​គ្រប់គ្រង​អនាម័យ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ឱ្យ​បានល្អ​ស្អាត ឯកឧត្តម​រដ្ឋមន្ត្រី​បាន ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ រួម​នឹង​ម្ចាស់​អាជីវកម្ម ទីកន្លែង​កម្សាន្ត នានា​នៅក្នុង​ក្រុងព្រះសីហនុ​រួមសហការ​សម្អាត​អនាម័យ​បរិស្ថាន និង​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង​អាជ្ញាធរ​រួមសហការ​គ្នា ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក​សាយ សំ​អាល់ លើកឡើងថា​ពី​គម្រោង​ស្តារ​ប្រព័ន្ធ​លូ បង្ហូរទឹក​ឱ្យបាន​ទៀងទាត់ ក៏ដូចជា​ការគ្រប់គ្រង​សំណល់​រាវ​ឱ្យបាន​ល្អ និង​ត្រូវមាន ការរៀបចំ​ក្រុង​ឱ្យបាន​ល្អ​។ ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ជំរុញ​ឱ្យ អាជ្ញាធរខេត្ត​ព្រះសីហនុ​គ្រប់​លំ​ដាក់​ថ្នាក់​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ដ​ល់ ប្រជាពលរដ្ឋ និង​ឆ្លើយតប​នឹង​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×