ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅថ្ងៃទី១០ មេសា២០១៩ បានជួបប្រជុំជាមួយលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា គឺ ជាប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈជុំវិញការស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេសគឺនៅថ្ងៃបុណ្យជាតិធំៗគឺត្រូវបានបញ្ចប់ដោយស្មារតីរួមគ្នាទប់ស្កាត់នូវគ្រោះចរាចរនៅកម្ពុជា។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា កិច្ចប្រជុំរវាងប្រតិភូគណបក្សយុវជនកម្ពុជាជួបជាមួយនឹងលោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា គឺ ជាប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈជុំវិញការស្វែងរកយន្តការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេសគឺនៅថ្ងៃបុណ្យជាតិធំៗគឺត្រូវបានបញ្ចប់ដោយស្មារតីរួមគ្នាទប់ស្កាត់នូវគ្រោះចរាចរ នៅកម្ពុជា។នៅក្នុងកិច្ចប្រជុំនោះផងដែរគឺភាគីទាំងសងខាងបានយល់គ្នាចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍និងការផ្សព្វផ្សាយនូវគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យម្យ៉ាងវិញទៀតភាគីខាងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានស្នើមកក្រុមយើងខ្ញុំឲ្យជួយពង្លឿនច្បាប់គ្រប់គ្រងស្រវឹងដែលផ្តួចផ្តើមឡើងពីក្រសួងសុខាភិបាល ដោយច្បាប់នេះនៅជាប់គាំងមិនទាន់ចេញរួចនៅឡើយទេ ហើយក្រៅពីការពន្លឿនច្បាប់គ្រប់គ្រងនូវគ្រឿងស្រវឹងគឺភាគីខាងឯកឧត្តមឧត្តមសេនីយ៍ឯករុន រ័ត្នវាសនា ក៏បានស្នើមកក្រុមយើងខ្ញុំឲ្យជួយជុំរុញដល់ក្រសួងអប់រំដាក់មុខវិជ្ជាចរាចរណ៍ជាកម្មវិធិសិក្សាឲ្យបានពេញលេញ ដើម្បីឲ្យយុវជនយល់ដឹងពីច្បាប់ចរាចរណីពីថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមនិងបញ្ចូលវិញ្ញាសារមេរៀនចរាចរណ៌ក្នុងការប្រលងទុតិយភូមិ(ថ្នាក់ទី១២)ផងដែរ..។
ចំពោះភាគីប្រតិភូគណបក្ស យុវជនកម្ពុជា វិញក៏បានស្នើដល់ភាគីលោក ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នូវការការពារគ្រោះថ្នាក់ចរាចរណ៍នៅអំឡុងពេលបុណ្យចូលឆ្នាំខាងមុខនេះមាន ៣ ចំណុចនៅខាងក្រោមនេះផងដែរ ៖
ទី១. រដ្ឋាភិបាល គឺត្រូវបញ្ចេញកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទដែលដឹកនាំដោយនគរបាលចរាចរណ៍ ដើម្បីពង្រាយតាមផ្លូវជាតិសំខាន់ៗ ហើយដាក់គោលដៅត្រួតពិនិត្យ៣០គីឡូម៉ែតដាក់សមត្ថកិច្ចមួយក្រុមក្នុងគោលបំណងរឹតបន្តឹងការបើកបរហួសល្បឿនកំណត់ និងការត្រួតពិនិត្យការផឹកគ្រឿងស្រវឹងហួសកម្រិតជាតិអាកុល..។
ទី២. ពង្រាយសមត្ថកិច្ចតាមភូមិ ឃុំ ដើម្បីត្រួតពិនិត្យជនផឹកស្រាស្រវឹងហួសកំណត់ គឺក្នុងគោលបំណងមិនឲ្យជនស្រវឹងស្រានោះប្រើប្រាស់យានយន្ត ឬ ធ្វើដំណើរ ។ ចំពោះកងកម្លាំងគឺមួយឃុំប្រើ ៤ ទៅ ៥ នាក់ ដើម្បីជិះល្បាតដើម្បីទប់ស្កាត់អ្នកស្រវឹងជិះយានយន្តទៅផ្លូវធំ។
ទី៣.រដ្ឋាភិបាលកម្ពុជាត្រូវឆ្លៀតឱកាសផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍និងការគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋខ្មែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរដោយបង្កើតនូវក្រុមសមត្ថិកិច្ចចុះអប់រំដល់មូលដ្ឋាន និងតាមដងផ្លូវសំខាន់ៗដែលពលរដ្ឋខ្មែរធ្វើដំណើរទៅលេងស្រុកឬទីកំសាន្ត។
ចំពោះ ៣ ចំណុចខាងលើនេះគឺភាគីខាងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏ បានទទួលយក និងសម្រេចធ្វើសាកល្បងនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរ ៕ ដោយ៖កូឡាប