(ភ្នំពេញ) ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Sor Chandeth បានសរសេរបង្ហោះថា “ វាសនាត្រូវជូបគ្នា” ភ្ជាប់មកនូវរូបភាពរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចវិបុលបញ្ញា សុខ អាន ដែលបាន ទទួល មរណភាព កាលពី២ឆ្នាំមុន។
លោកហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ នៅថ្ងៃទី១០មេសានេះ បានសរសេរសារផេកហ្វេសប៊ុកថា« ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ គ្រប់ក្រុមគ្រួសារខ្មែរបាន និងកំពុងត្រៀមខ្លួនដើម្បីជួបជុំ សប្បាយរីករាយ និងបានជូនពរគ្នាទៅវិញទៅមក។ សម្រាប់ក្រុមគ្រួសារខ្ញុំ និងសម្រាប់ខ្ញុំជាកូនប្រុសម្នាក់នៅក្នុងគ្រួសារនេះ ខ្ញុំពិតជាមានការតក់ស្លុត និងមានការហួសចិត្តជាពន់ពេក ក្រោយពេលបានអានសារមួយ ដែលសរសេរ ដោយបុគ្គល សោ ចាន់ដេត (Sor Chandeth)។ ខ្ញុំពិតជានឹកស្មានមិនដល់ ថាពាក្យពេចន៍ និងទង្វើបែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និងជាពិសេសដើម្បីលោកឳពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៌ និងទង្វើរដ៌ស្មោកគ្រោកបែបនេះបានឡើយ»។
លោកហ៊ុន ម៉ានី បានថ្លែងបន្តថា «ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើង ថាបើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេលដែលយើងនិយាយពីប្រយោជន៍ និងអនាគតរបស់ជាតិ និងប្រជាជនយើង»៕ ដោយ ៖ កូឡាប