កូនត្រីដូហ្វីនមួយក្បាលបានងាប់ ដោយសារតែអ្នកទេសចរយ៉ាងច្រើនបានចាប់វាចេញពីទឹក និងដណ្តើមគ្នាយកវាដើម្បីថតរូបសែលហ្វី (Selfie)។
ត្រីដូហ្វីនពូជ Franciscan បានងាប់នៅឆ្នេរសមុទ្រ Santa Teresita នៃទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ក្រោយពេលអ្នកទេសចរយ៉ាងច្រើកុះករបានដណ្តើមគ្នាយកវា និងហុចវាទៅនេះ ទៅនោះរហូតដល់វាដាច់ខ្យល់ងាប់។
អ្នកទេសចរបានដណ្តើមយកកូនត្រីដូហ្វីននោះ ដូចជាដណ្តើមយកពានរង្វាន់អញ្ជឹង ហើយពួកគេបានទុកវាចោលរហូតដល់ងាប់នៅលើខ្សាច់។ នេះបើតាមការបញ្ជាក់របស់អង្គការមូលនិធិសត្វព្រៃ របស់ប្រទេសនេះ។
អង្គការនេះបញ្ជាក់ថា ត្រីដូហ្វីនពូជ Franciscan គឺដូចជាពូជត្រីដូហ្វីនដទៃទៀតដែរ គឺវាមិនអាចនៅក្រៅទឹកបានយូរនោះទេ។ វាមានស្បែក និងខ្លាញ់ច្រើនដូចជួយផ្តល់កម្តៅដល់វា ដូច្នេះអាកាសធាតុនឹងធ្វើឲ្យវាមានបញ្ហាខ្សោះជាតិទឹកយ៉ាងលឿន និងឆាប់ងាប់។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានត្រីដូហ្វីនប្រហែលចំនួន ៣០.០០០ក្បាលប៉ុណ្ណោះនៅក្នុងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ metro