Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ ព្រមទាំងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតីជាថ្មីម្ដងទៀត។ ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងនានាដែលកំពុងបន្តអនុវត្ត ក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ, ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបឯកឧត្តមអនុប្រធានធនាគារពិភពលោកជាថ្មីម្ដងទៀត ព្រមទាំងបានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ, សម្ដេចធិបតីបានបញ្ជាក់ជូនឯកឧត្តមអនុប្រធានធនាគារពិភពលោក អំពីការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះដែរ, សម្ដេចធិបតី និងឯកឧត្តមJaramillo ក៏បានពិភាក្សាបន្ថែមអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×