ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូន ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមកំពុងបំពេញទស្សនកិច្ចការងារជាផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សមាសភាពអញ្ជើញចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនារសៀលនេះ រួមមាន៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. និងមន្ត្រីពាក់ព័ន្ធ។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមសមាជិកព្រឹទ្ធសភា និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព (Peace Accord) កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសការកើនឡើងនៃអត្រាអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ដែលសមិទ្ធផលទាំងនោះសុទ្ធសឹងតែមានការចូលរួមចំណែកគាំទ្រយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក។
តាមរយៈជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបាននាពេលកន្លងមក រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART), កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស (Air Service Agreement), ការគាំទ្រផ្នែកហិរញ្ញប្បទាន ពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) ចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ភ្ជាប់កម្ពុជា ទៅកាន់សកលលោក, និង ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យសុខាភិបាល ដែលជួយឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់សុខមាលភាពសង្គមនៅកម្ពុជាផងដែរ។
ជំនួបពិភាក្សានាឱកាសនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងប្រកបដោយស្មារតីស្ថាបនា ដោយភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី
















