Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​មិន​យក​ប្រាក់ ក្នុងឱកាស​ចូលឆ្នាំថ្មី មិនមែន​ដើម្បី​សន្លឹកឆ្នោត​នោះ​ទេ តែ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​

​ភ្នំពេញ ​៖ អភិបាល នៃ​គណៈ​អភិបាល​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ការដាក់​ឲ្យ​ដំណើរការ រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា ដោយ​មិន​យកប្រាក់ ក្នុងឱកាស​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មិនមែន​ធ្វើ​ដើម្បី​យកចំណេញ​សន្លឹកឆ្នោត​នោះ​ទេ តែ​ជា​ការចែករំលែក​ក្នុង​ការចំណាយ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។​

​ការលើកឡើង​របស់​អភិបាល​រាជធានី​បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ ជូន​ដំណើរ​និង​ពិនិត្យ​ទីតាំង​ចំណតរថយន្ត​ក្រុង សម្រាប់​ដឹក​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មុខ​ឃ្លាំង​សាំង ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​បន្ត​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់ រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ ចំនួន​១២០​គ្រឿង ដោយ​ដាក់​គោលដៅ នៅជាប់​ផ្លូវជាតិ​ធំៗ មួយចំនួន ដើម្បី​ងាយស្រួល ធ្វើដំណើរ​ទៅ​តាម​បណ្តាល​ខេត្ត​នានា​ដែល​បាន​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​លោក​ថា សម្រាប់​ថ្ងៃ​ទី​១​នេះ មាន​ប្រជាពលរដ្ឋ​ច្រើន បាន​ទៅ​ទទួល​សេវា​ការ​ជិះ​រថយន្តក្រុង ជាមួយនឹង​ទឹកមុខ​សប្បាយរីករាយ និង​ការ​ថ្លែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​សម្រាប់​ការងារ​ខាងលើនេះ មាន​មជ្ឈដ្ឋាន​មួយចំនួន បាន​រិះគន់​ទៅលើ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្តេច​តេជោ​ថា​នេះ ជា​សកម្មភាព គ្រាន់តែ​ជា​ការ កេងចំណេញ សន្លឹក​ឆ្នោត​តែ​ប៉ុណ្ណោះ ។ ចំពោះ​ការរិះគន់​នេះ ត្រូវបាន​លោក ឃួ​ង ស្រេង បញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ ដឹក​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត នៅតាម​បណ្តា​ខេត្ត​នានា ដោយ​មិន​យកប្រាក់ ក្នុងឱកាស​​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ មិនមែន​ធ្វើ​ដើម្បី​យកចំណេញ​សន្លឹកឆ្នោត​នោះ​ទេ តែ​ជា​ការចែករំលែក ក្នុង​ការចំណាយ របស់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាពលរដ្ឋ ។ បើ​ដើម្បី​តែ​សន្លឹកឆ្នោត សម្តេច​តេជោ មិនមែន​បន្តសកម្មភាព ផ្តល់​សេវា រថយន្តក្រុង​សាធារណៈ ជូន​ប្រជាពលរដ្ឋ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ​ទេ​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៩​នេះ ពុំ​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​អ្វី​ឡើយ តែ​រាជរដ្ឋាភិបាល នៅតែ​គិតគូរ​បម្រើ​ជូន​ប្រជាពលរដ្ឋ​ដដែល ។​

​គួររំលឹកថា ក្នុង​ឱកាស​បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​បញ្ចេញ​រថ​យន្ត​ក្រុង ចំនួន​១២០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ដ និង​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ ជិះ ដោយ​មិន​បង់ប្រាក់ (free) ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង ៥​និង​៣០ នាទី​ព្រឹក រី​ឯ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រើប្រាស់​រថយន្តក្រុង​ចំនួន ១១៥​គ្រឿង និង​កាណូត​ដឹក​អ្នកដំណើរ ចំនួន ៤​គ្រឿង ដើម្បី​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ តាម​រយៈពេល ៧​ថ្ងៃ​ចាប់ពី​ថ្ងៃ ១២​ដល់ ១៨​ខែ​មេសា​ឆ្នាំ ២០១៩ ដោយ​មិន​គិត​ប្រាក់​ដូច​គ្នា​ផង​ដែរ​។​

​គួរបញ្ជាក់​ថា ទីតាំង​ចេញដំណើរ ទៅ​តាម​បណ្តា​រាជធានី​ខេត្ត ដែល​រដ្ឋបាល​រាជ​ភ្នំពេញ​រៀបចំ មាន​ដូចខាងក្រោម ​៖

​ផ្លូវជាតិ លេខ ១ ផ្លូវជាតិ លេខ ២ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ ផ្លូវជាតិ លេខ ៥ ផ្លូវជាតិ លេខ ៦ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៨ ដែរ នឹង​ចាប់ផ្តើម​ចេញដំណើរ ចាប់ផ្តើម​នៅ​ថ្ងៃទី ១២ ខែ​មេសា តែម្តង ហើយ​ក្នុងនោះ​ផ្លូវជាតិ​លេខ ១ ភ្នំពេញ កណ្តាល ស្វាយ រៀង ចំនួន ៥ គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង ចំនួន ៥ គឿង សរុប​ចំនួន ១០ គឿង ។ ផ្លូវជាតិ​លេខ ២ ភ្នំពេញ ទៅ​តាកែវ​ចំនួន ៥ គ្រឿង ។ ផ្លូវជាតិ​លេខ ៣ ភ្នំពេញ ទៅ​កែប​ចំនួន ៥ គ្រឿង ភ្នំពេញ​ទៅ​កំពត​ចំនួន ៥ គ្រឿង សរុប​ចំនួន ១០ គ្រឿង ។ ផ្លូវជាតិ​លេខ ៤ ភ្នំពេញ ទៅ​កំពង់ស្ពឺ ចំនួន ៣ គ្រឿង ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ចំនួន ៧ គ្រឿង សរុប​ចំនួន ១០ គ្រឿង ។​

​ផ្លូវជាតិ​លេខ ៥ ភ្នំពេញ ទៅ​កំពង់ឆ្នាំង ចំនួន ៥ គឿង ភ្នំពេញ ទៅ​ពោធិ៍សាត់​ចំនួន ១០ គ្រឿង ភ្នំពេញ​ទៅ​បាត់ដំបង ចំនួន ១៥ គ្រឿង ភ្នំពេញ​ទៅ​បន្ទាយមានជ័យ ១៥ គឿ ង សរុប​ចំនួន ៤៥ គ្រឿង ។ ផ្លូវជាតិ​លេខ ៦ ភ្នំពេញ ទៅ​កំពង់ធំ ចំនួន ៥ គ្រឿង ភ្នំពេញ​ទៅ​សៀមរាប ចំនួន ១៥ គ្រឿង សរុប​ចំនួន ២០ គ្រឿង សម្រាប់ ផ្លូវជាតិ​លេខ ៦ ។ ផ្លូវជាតិ​លេខ ៦ និង​ផ្លូវជាតិ លេខ ៧ ពី​ភ្នំពេញ​ទៅ​កំពង់ចាម​ចំនួន ៥ គ្រឿង ភ្នំពេញ​ទៅ​ត្បូងឃ្មុំ ចំនួន ៥ គ្រឿង សរុប​ចំនួន ១០ គ្រឿង ។ ផ្លូវជាតិ​លេខ ៧ និង ផ្លូវជាតិ​លេខ ៨ ភ្នំពេញ ទៅ​ក្រចេះ ចំនួន ៥ គ្រឿង ភ្នំពេញ​ទៅ​ស្ទឹងត្រែង ចំនួន ៥ គ្រឿង សរុប​ចំនួន ១០ គ្រឿង ។​

ដូច្នេះ​យើង​មាន​ទាំងអស់​ចំនួន ១២០ គ្រឿង សម្រាប់​ការជូន​ដំណើរ​របស់​ប្រជាពលរដ្ឋ​របស់​យើង​ចេញទៅ​ចូលឆ្នាំ ហើយ​នឹង​ត្រឡប់​ចូល​ក្រុងភ្នំពេញ​វិញ ។ ពួក​គាត់​អាច​ធ្វើ​ដំណើរ​ជ្រើសរើស​តាម​ផ្លូវ​នេះ ។ ដូច្នេះ​ខ្ញុំ​គិតថា ចូលឆ្នាំ ឆ្នាំនេះ​មាន​ភាពសប្បាយ​រីករាយ​របស់​ប្រជាជន​របស់​យើង​ក្នុង​ការធ្វើដំណើរ ៕​ ​ដោយ ​៖​ កូឡាប​

×