តាកែវ ៖ បន្ទាប់ពីមានការអញ្ជើញពីក្រុមយុវជនភាគីមិត្ត នៃខេត្តអាងយ៉ាងនៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម អោយភាគីមិត្តក្រុមយុវជនខេត្តតាកែវនៃប្រទេសកម្ពុជា លើការចូលមកខេត្តអាងយ៉ាង ដើម្បីប្រកួតកីឡាមិត្តភាព និងផ្លាស់ប្តូរបទពីសោធន៍គ្នាទៅវិញទៅមកនោះ យើងឃើញថាឆ្លងតាមការប្រកួតអស់រយៈពេល ៤៥នាទី ចំនួនពីរដង នៃការប្រកួតកីឡាបាល់ទាត់ ជាលទ្ធផលក្នុងនោះក្រុមយុវជនខេត្តតាកែវ បានយកឈ្នះទៅលើក្រុមយុវជនខេត្តអាងយ៉ាង ដោយក្នុងលទ្ធផល ៤ ទល់និង ៣។ ការប្រកួតកីឡាមិត្តភាពនេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ២០១៧ នៅក្នុងទឹកដីនៃខេត្តអាងយ៉ាង ទីក្រុងឡុងសៀង ដែលដឹកនាំធ្វើការប្រកួតតំណាងអោយខេត្តតាកែវ គឺលោក ហេង វុធ្ធី នាយកទីចាត់ការផែនការវិនិយោគខេត្ត។
លោក ឃុគ ប៊ុនធឿន អ្នកទំនាក់ទំនងកិច្ចការងារបរទេសខេត្តតាកែវបានប្រាប់អោយសារព័ត៌មានដឹងថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមយុវជននៃខេត្តទាំងពីរនេះ គឺធ្វើឡើងដើម្បីជាចំណងមិត្តភាពរវាងខេត្តនៅជាប់ព្រំដែនដូចគ្នា ហើយក៏ជាការរៀនសូត្រពីគ្នា និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។ ក៏ប៉ុន្តែអ្វីដែរយើងទទួលបានជាលទ្ធផលនៅក្នុងពេលនេះគឺការប្រកួតកីឡាបាល់ទាត់យើងបានយកឈ្នះលើក្រយុវជនខេត្តអាងយ៉ាង ក្នុងលទ្ធផល ៤ទល់ និង ៣ នេះជាលទ្ធផលមួយដែលល្អសម្រាប់យើង ដែលពីមុនការប្រកួតកីឡាមិត្តភាពជាមួយគេគឺយើងចាញ់គេច្រើនដងមកហើយ ។ លោក ឃុគ ប៊ុនធឿន បាននិយាយទៀតថា រូបលោកពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ចំពោះយុវជនរបស់ខេត្តតាកែវយើង បាននាំគ្នាងៀកមកលេងកីឡា ស្របពេលដែលមានការរីកលូតលាស់នៅតារាងបាល់សុប្បនិមិត្តជាច្រើនក្នុងខេត្តតាកែវ ដែលជាចលនាផុលផុសមួយធ្វើអោយយុវជនរបស់យើងគាំទ្រលើវិស័យកីឡា ហើយមកដល់ពេលនេះគឺយើងទទួលបានលទ្ធផលវិជ្ជមានបែបនេះ៕ តាកែវ