ខេត្តកណ្ដាល ៖ មន្ត្រីប៉េអឹម ជាម្ចាស់ រថយន្ត LEXUS GS470 ពាក់ស្លាកលេខភ្នំពេញ 2M-8062 ដែលផ្ទុះធុងហ្គាសបានស្លាប់ហើយ បន្ទាប់រងរបួសធ្ងន់ធ្ងរឆេះរោលខ្លោចពេញខ្លួន ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសរថយន្តរបស់ខ្លួន ។
ហេតុការណ៍ផ្ទុះធុងហ្គាសរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង ០១ រសៀល ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅចាស់មាត់ ស្ទឹងតាខ្មៅ ក្រុងតាខ្មៅខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីមន្ត្រីនៅនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះកំពុងធ្វើដំណើរតាមមាត់ស្ទឹងតាខ្មៅ ស្រាប់តែផ្ទុះធុងហ្គាសរថយន្តឆេះសន្ធោរសន្ធៅតែម្តង ហើយការផ្ទុះធុងហ្គាសបំពាក់លើរថយន្តស៊េរីទំនើបឡិចស៊ីសនេះ បណ្តាលអោយឆេះខូចខាតរថយន្តចំនួន ២ គ្រឿង មួយគ្រឿងទៀតពាក់ស្លាកលេខ កណ្តាល 2B-1385 និងម៉ូតូស្គុបពី ១គ្រឿង ព្រមទាំងឆេះរាលដាលដល់ផ្ទះលក់សម្ភារក្មេងលេងមួយកន្លែងទៀត ។
ប្រភពដដែលអោយដឹងបន្តថា ជនរងគ្រោះមានឈ្មោះ ងន គន្ធា ភេទប្រុសជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ជាម្ចាស់រថយន្តឡិចស៊ីស GX470 របួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយបានស្លាប់ដោយរបួសធ្ងន់ពេក និងអ្នករបួសស្រាល ២ ទៅ ៣ នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណទេ បានទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដោយខ្លួនឯង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះហា្គសរថយន្ត LEXUS GS470 ។ ហើយករណីឆេះរថយន្តនេះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់តែ០១គ្រឿង ស្មើនឹង ៧ ម៉ែត្រគូប ៕ ដោយ ៖ បញ្ញាស័ក្តិ