ខេត្តកំពត ៖ ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តបាក់នឹម ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្ត បានបង្ហាញការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ បណ្តាលមកពីក្រុមក្មេងទំនើង បងតូចបងធំ និងក្មេងប្រើប្រាស់ថ្នាំញៀន ដែលអាចមកបង្កការអុកឡុក នារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា វត្តបាក់នឹម មានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត គឺចូលតាមផ្លូវក្រាលគ្រួសក្រហម ចុះពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្កាកសញ្ញាមេអំបៅ ចន្លោះព្រំប្រទល់ដែនកំណត់មិសាស្ត្រ ខេត្តកំពត~តាកែវ ចូលឆ្ពោះទៅម្តុំជិត រមណីយដ្ឋានទំនប់ម្លេច ជិតបន្ទាយកងយោធពលខេមរភូមិន្ទកម្ពុជា។
បញ្ហានេះ ព្រះសង្ឃគង់នៅវត្តបាក់នឹម មានថេរៈដីកាថា កន្លងមកនេះនៅពេលវត្តមានពិធីបុណ្យទាន និងមានការប្រគុំតន្ត្រីសម័យ ឬរាំធុងបាស់ម្តងៗ គឺតែងមានក្រុមក្មេងទំនើង ឬក្រុមបងតូចបងធំទាំងនោះ មកបង្កការអុកឡុកវៃទាត់ធាក់ យុវជនមួយចំនួន ដែលមកចូលរួមរាំកម្សាន្ត ក្នុងវង់រាំ យ៉ាងអនាធិបតេយ្យ ហើយរហូតមកដល់ពេលនេះ ក្រុមក្មេងទាំងនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅឡើយទេ។
ផ្តើមពីបញ្ហានេះ ទាំងព្រះសង្ឃ អាចារ្យវត្ត និងប្រជាពលរដ្ឋ រស់នៅជិតវត្តបាក់នឹម ក៏សំណូមពរដល់កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ឲ្យជួយបញ្ជូនកម្លាំងសមត្ថកិច្ច មកជួយការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជិតឆ្ងាយ ដែលនឹងចូលមកកម្សាន្តទស្សនា វត្តបាក់នឹម ជាពិសេសនៅពេលរាត្រី ដែលមានកម្មវិធីលេងល្បែងប្រជាប្រិយ និងរាំធុងបាស់ជាដើមនោះ ធ្វើយ៉ាងណាជួយរក្សាឲ្យមានសុវត្ថិភាពល្អ ឲ្យជៀសផុតពីការអុកឡុក របស់ក្រុមក្មេងទំនើងមួយក្រុមខាងលើ ដោយអនុគ្រោះផង។
យ៉ាងណាក៏ដោយចុះ អ្នកយកព័ត៌មានគេហទំព័រ cen.com.kh មិនទាន់អាចទាក់ទង លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដើម្បីបំភ្លឺទៅលើការព្រួយបារម្ភ របស់ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រមទាំង ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត “បាក់នឹម” ដែលព្រួយបារម្ភទៅលើសកម្មភាព របស់ក្រុមបងតូចបងធំ តែងមកបង្កការអុកឡុក រំខានដល់ការធ្វើបុណ្យទាន នៅក្នុងវត្តខាងលើនេះ ជារៀងរាល់ឆ្នាំ បានទេនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ៕ ដោយ៖ ដែន សីមា