(ព្រះសីហនុ) ៖ កម្លាំងសមត្ថកិច្ច បាន ឃាត់ខ្លួនមនុស្ស២នាក់ ដែលជាមេខ្លោង នៃការតវ៉ាបិទផ្លូវជាតិលេខ៤ នៅពេលដែលអាជ្ញាធរចុះអនុវត្តសាលដីការរុះរើសំណង់ ខ្ទមអនាធិបតេយ្យរបស់ពួកគេ ជាង៦០០ខ្នង នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ
ជនសង្ស័យទាំង២នាក់នោះ រួមមានទី១៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើ ឈ្មោះ ថោង ចិន្តា ភេទ ប្រុស៤១ ឆ្នាំមុខរបរទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានទីលំ នៅផ្ទះលេខV១០៧ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (តំណាងលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអគ្គនាយកដ្ឋានគយ) និង កំលាំងសមត្ថកិច្ចចំរុះ បណ្តាលអោយរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ អំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងពេលសមត្ថកិច្ចកំពុងអនុវត្តកិច្ចការនេះ មានប្រជាជនមួយចំនួនបាននាំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍មួយរយៈពេលខ្លីផងដែរ។ ប៉ុន្តែក្រោយមកក៏បានបើកឱ្យយានយន្តធ្វើដំណើរឆ្លងកាត់ជាធម្មតាឡើងវិញ បន្ទាប់ពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានចុះទៅពន្យល់ណែនាំ និងលើកឡើងពីវិធានការផ្លូវច្បាប់ជូនពួកគាត់ឱ្យបានយល់ដឹងរួចមក។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់នានាក្នុងខេត្ត និងក្រៅខេត្តលួចសាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការពន្យល់ណែនាំរបស់អាជ្ញាធរឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង
កម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជនស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលបានទៅសង់ខ្ទមអនាធិបតេយ្យ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យរបស់ពួកគេនៅតំបន់នេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញភ្លាមៗផងដែរ ៕ ដោយ ៖ ស្រីនាថ