ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី 19 ខែមេសានេះបានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីពន្យល់ ទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកថានិយោជិតរាប់ពាន់នាក់ របស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) អាចមើលលេខសម្ងាត់ (Password) របស់អ្នកប្រើប្រាស់ Instagram។
ក្រុមហ៊ុនហ្វេសប៊ុកទើបបានចុះផ្សាយបន្ថែមថា លេខសម្ងាត់ រាប់លានរបស់អ្នកប្រើប្រាស់ Instagram ត្រូវបានរក្សាទុកក្នុងប្រព័ន្ធផ្ទុកទិន្នន័យ ជារបៀបដែលអាចអានបាន (No password masking) ដែលផ្ទុយពីការផ្សព្វផ្សាយកាលពីខែមីនាថា មានត្រឹមតែរាប់ពាន់ប៉ុណ្ណោះ។
ទោះបីក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ថា មានតែនិយោជិតរបស់ក្រុមហ៊ុន បានឃើញលេខសម្ងាត់ដែលអាចអានបាននោះ ហើយក្រុមហ៊ុនក៏បានធ្វើការកែតម្រូវបញ្ហានេះ ប៉ុន្តែ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឲ្យ លោកអ្នកគួរ ប្ដូរលេខសម្ងាត់ចាស់ចោល ដើម្បីជួយការពារគណនីរបស់លោកអ្នក ដោយប្រើលេខសម្ងាត់ដែលលំបាកនឹងស្មាន ដូចបានបង្ហាញកាលពីខែមុនៗ និង បើកប្រើ ប្រាស់ two-factor authentication៕ ដោយ ៖ កូឡាប