ខេត្ដកំពង់ស្ពឺ ៖ មានករណីហឹង្សារយកសាំងបំណងចាក់ដុតផ្ទះចោល បង្ករដោយឈ្មោះ ចិន ចឺ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកប្រេងសាំងចំណុះ កន្លះលីត្រ ដាក់ក្នុងដបទឹកសុទ្ធ យកទៅចាក់ដុតផ្ទះចោល«ទីតាំងលេងល្បែងបៀរ»និងបានហៀរកំពប់ខ្ទៀតទៅលើប្រពន្ធឈ្មោះ អាន អេង អាយុ៣៨ឆ្នាំ និងកូនតូចឈ្មោះ ចឺត សំនៀងភេទប្រុស អាយុ មួយខួបកន្លះ បណ្តាលអោយរងរបួសប្រពន្ធរលាកជើងខាងស្តាំ ដងខ្លួន ចង្កេះ ចំណែកកូនតូចរលាកកំប៉ះគូទនឹងកំភួនជើងខាងឆ្វេង កាលពីថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង៥៥នាទីនៅចំណុចភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ។
តាមការបញ្ជាក់ឲ្យដឹងពីនគរបាលថាមុនកើតហេតុ លោកប្ដីតែងតែហាមប្រាមប្រពន្ធមិនឲ្យទៅលេងបៀរ ព្រោះបាយទឹកមិនសូវបានធ្វេីតាមពេលកំណត់ តែលោកស្រីប្រពន្ធនៅតែលួចបៀរដដែល លេងលក្ខណៈ ២០០ រៀល ៥០០ រៀល ញៀនដោយការអផ្សុក លេងនៅផ្ទះឈ្មោះ កាង ផល ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ បញ្ជាក់ផងដែរម្ចាស់ផ្ទះនិងអ្នកភូមិត្រូវបាននគរបាលប៉ុស្តិ៍ធ្លាប់ធ្វើការណែនាំអោយឈប់លេងបៀរព្រោះអាចប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសារ អាចឈានទៅជាអំពើហិង្សាក្នុងគ្រួសារ ដោយទ្រាំមិនបាននូវទង្វើព្រហើនរបស់ប្រពន្ធ លោកប្ដីចិត្ដខ្លាំងក៏សំរេចចិត្ដទិញប្រេងសាំងកន្លះលីត្រ យកទៅដុតផ្ទះ”ទីតាំងកន្លែងលេងបៀរ”ចោលតែម្ដង។
ក្រោយទិញសាំងរួចក៏ដើរសំដៅទៅផ្ទះខាងលើពេលទៅដល់ក៏យកសាំងជះ ចចៃដន្យសាំងខ្ទាតពេញខ្លួនប្រាណប្រពន្ធ និងកូនហើយក៏កេះដែកកេះបញ្ចេះភ្លើងបោះបណ្តាលអោយភ្លើងឆាបឆេះទៅលើប្រពន្ធនិងកូនតែម្តង ក្រោយហេតុការណ៍ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់និងសង្គ្រោះប្រពន្ធ កូនតូចបានទាន់ពេលវេលា។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីធ្វើការសាកសួរបន្ថែមជុំវិញករណីខាងលើ និងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ មានចំណាត់ការបន្ដ៕ ដោយ ៖ កូឡាប