រដ្ឋការឥណ្ឌាកំពុងសង្ឃឹមលើប្រភេទអាវុធថ្មីមួយ ដើម្បីប្រឆាំងការបំពុលបរិយាកាសហៅថា “អាវុធប្រឆាំងផ្សែងអ័ព្ទ” ដែលវាអាចជួយសម្អាតលំហរវេហា នៃរដ្ឋធានី New Delhi ក្នុងរយៈពេលដ៏ខ្លីខាងមុខ -នេះបើតាម AFP។
បរិក្ខារនេះស្រដៀងនឹងម៉ាស៊ីនផ្លុំសក់ ហើយត្រូវបានភ្ជាប់ជាមួយរថយន្តដឹកជញ្ជូន រួចគេបានយកវាទៅសាកល្បងនៅតំបន់ Anand Vihar, ដែលមានការបំពុលបរិយាកាសធ្ងន់ធ្ងរបំផុត នារដ្ឋធានី New Delhi។
ផលិតករ Cloud Tech ឲ្យដឹងថា បរិក្ខារថ្មីនេះ អាចបាញ់ចេញជាផ្សែងនូវទឹកប្រហែល១០០លីត្រ ក្នុង១នាទី ដែលតាមរយៈនោះវាអាចសម្អាតសារធាតុបង្កការបំពុលបានដល់ទៅ ៩៥%។
តាមរដ្ឋការក្រុង New Delhi ឲ្យដឹង ប្រសិនបើបរិក្ខារនេះបញ្ជាក់បានពីប្រសិទ្ធភាពរបស់វា នោះគេនឹងដាក់ពង្រាយឧបករណ៍ទាំងនេះនៅតាមដងវិថី ក្នុងរដ្ឋធានី ដែលកំពុងរងការបំពុលយ៉ាងធ្ងន់ធ្ងរ៕ សូយន