Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ​ រកឃើញ​ខឿន​ប្រាសាទ​ ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​បារាយណ៍​ខាងលិច

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២២​មេសា បានឲ្យដឹងថា ប្រាសាទ​អកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ​។

​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា​ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣​មាន​សំណល់​ខឿន​ក្រោម​បង្អស់ ឬ​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​ដែល​បាន​លុប​បាត់​ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​កាល​ពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង​នៅក្នុង​អំឡុង​សតវត្ស​ទី​១១​នៃ​គ​.​ស​។ សំណល់​ខឿន​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅ​ក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី​១០​ស​.​ម​. ទៅ​១៣០​ស​.​ម​។ ក្រុម​អ្នក​បុរាណវិទ្យា​យល់ថា​លទ្ធផល​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការកំណត់​ទីតាំង​ពិតប្រាកដ ក៏ដូចជា​ជម្រៅ​របស់​សំណល់​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​ដែរ​។​

​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹងថា​នឹង​អាច​ទៅ​ដល់​បាត​ក្រោម​នៃ​ខឿន​ប្រាសាទ​នេះ ប្រសិនបើ​គ្មាន​ការរំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍​។​ល​។ រីឯ​នៅ​ក្នុង​រណ្ដៅ​ចំនួន​៤​ធំៗ ស្ថិតនៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ​នៃ​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​វិញ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​មាន​ថ្មភ្នំ​ដែល​មាន​ទំហំ​ធំៗ​ជាច្រើន​។ តាម​ការវិភាគ​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​យល់ឃើញថា​ថ្ម​ទាំងនោះ ត្រូវបាន​អ្នក​ជំនាន់​មុន​យក​មក​តំរៀប​ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង​នៃ​ទំនប់​ខាងត្បូង ហើយក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ បើទោះបីជា​ដី​ដែល​គេ​លើកយក​មក​ធ្វើ​ទំនប់​នោះ​ជា​ប្រភេទ​ដីឥដ្ឋ​ដែល​ត្រូវបាន​បង្ហាប់ មាន​ពណ៌​ប្រផេះ​និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិចតួច​បំផុ​តក្តី ។

​លោក ជា សុជាតិ បាន​បន្តទៀតថា ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​ពុំ​ធ្លាប់​បាន​ធ្វើ​ការស្រាវជ្រាវ​បុរាណវិទ្យា​ឱ្យបាន​ដិតដល់​នោះ​ទេ បើទោះបីជា​មាន​ការរុករក​ខឿន​ទី​មួយ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣២​និង​ឆ្នាំ​១៩៣៥ ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ឈ្មោះ Georges Trouvé (​ហ្ស​ក ទ្រូ​វេ​)​ក៏ដោយ​។ តាមរយៈ​ការស្រាវជ្រាវ ជនជាតិ​បារាំង​រូបនេះ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នូវ​ឯកសារ​ជាច្រើន​ដូចជា សំណេរ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់់​ចំនួន​៥៨​ផ្ទាំង និង​រូបថត​ចំនួន​១៣៥​សន្លឹក ដើម្បី​ជា​ឯកសា​រយោង​។ បើ​យោង​តាម​ការស្រាវជ្រាវរ​បស់​លោក ហ្ស​ក ទ្រូ​វេ នៅពេលនោះ គេ​អាច​ដឹង​បាន​ថា ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង ១០០​ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង​២,៦០​ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង ៣​ម៉ែត្រ ។ រីឯ​ការស្រាវជ្រាវ​ជា​បន្ត​ដោយ​លោក Christophe Pottier (​គ្រីស្តូហ្វ ប៉ូ​ត្យេ​) ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ ២០០១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៦ បាន​រំលេច​អោយឃើញ​នូវ​ទិន្នន័យ​ថ្មី​ជាច្រើន​បន្ថែម​ទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ​និង​លើស​អំពី​អ្វី​ដែល​លោក ហ្ស​ក ទ្រូ​វេ ធ្លាប់​បាន​រកឃើញ​។

​គួរបញ្ជាក់​ថា គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅពេលនេះ គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​ការជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។ ការសិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ គឺធ្វើឡើង​ទាំង​សម្រាប់​ការស្រាវជ្រាវ​ផង និង​សម្រាប់​កំណាយ​បុរាណវិទ្យា​បង្ការ​ផងដែរ​។ គម្រោង​ស្រាវជ្រាវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×