Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បាន ចំនួន ​២៤​ លាន​ដុល្លារ ក្នុង​រយៈពេល ​៣ ​ខែ​

spot_img

(​ភ្នំពេញ​) ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​សម្រាប់​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ បាន​ចំនួន​ប្រមាណ​២៤​លាន​ដុល្លារ លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ ២០.៥០០ មូលដ្ឋាន​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ផ្សព្វផ្សាយ ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី «​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​, ពន្ធ​លើ​អចលនទ្រព្យ និង​ការត្រៀម​អនុវត្ត​ប្រកាស​ស្ដីពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​» ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត កែន សម្បត្តិ តំណាង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​របស់ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សមាជិក​នៃ​សមាគម​ទាំងពីរ សរុប​ចំនួន​១២០​នាក់​។​

លោក កែន សម្បត្តិ បាន​បញ្ជាក់ថា «​នៅ​ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ចំនួន​ប្រមាណ ៣៨៨ ប៊ី​លាន​រៀល (​ប្រមាណ ៩៧ លាន​ដុល្លារ​) លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ ៥៥ ៦០០ មូលដ្ឋាន ស្មើនឹង ១៣៤,៤%​នៃ​ផែនការ ។ ដោយឡែក សម្រាប់​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៩ ការប្រមូល​ចំណូល​ពន្ធ​នេះ បាន​ចំនួន​ប្រមាណ ៩៦ ប៊ី​លាន​រៀល (​ប្រមាណ ២៤ លាន​ដុល្លារ​) លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ ២០ ៥០០ មូលដ្ឋាន ស្មើនឹង ៣៣,៦% នៃ​ផែនការ​»​។​

​ក្នុងឱកាស​នោះ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់លោក គង់ វិបុល ដែល​តែងតែ​ទទួលយក​នូវ​ធាតុ​ចូល​ពី​វិស័យ​ឯកជន និង​បាន​ដោះស្រាយ​នូវ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ពន្ធដារ ដើម្បី​ធ្វើការ​កំណែទម្រង់​អគ្គនាយកដ្ឋាន​កាន់តែ​ប្រសើរឡើង ហើយ​សមាគម​របស់លោក បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​
​ជាមួយគ្នានេះ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បានរៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈប្រយោជន៍​នេះ​ឡើង និង​គូសបញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​ក្នុងការ​ផ្ដល់​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​ផ្សព្វផ្សាយ​នូវ​ប្រកា​សលេខ ៣៤៣ សហ​ក​.​ប្រក​ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​នេះ​។​

​លោក កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​បញ្ជាក់​យ៉ាងច្បាស់​ជូន​ប្រជាពលរដ្ឋ និង​សាធារណជន អំពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់​ថា ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​ទើបត្រូវ​កែសម្រួល​ថ្មី​ថា មិនមែនជា​ការដំឡើង​ពន្ធ​របស់​រាជរដ្ឋាភិបាល​នោះទេ ហើយ​ថា​កែសម្រួល​តម្លៃ​មូលដ្ឋាន​គិត​ពន្ធ​នេះ ក៏​មិនបាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រាក់​ពន្ធ អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះឡើយ ពោល គឺ​នៅ​រក្សា​តម្លៃ​ដដែល​។​

​លោក​អគ្គនាយករង​បាន​បញ្ជាក់ថា តម្លៃ​អចលនទ្រព្យ​ដែលជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ដែល​កំណត់​ក្នុង​ឧបសម្ព័ន្ធ​នៅតាម​រាជធានី​ខេត្ត គឺមាន​ការចូលរួម​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ស្ថាប័នរដ្ឋ និង​វិស័យ​ជន ទើប​សម្រេច​ចេញប្រកាស​ដាក់​ឲ្យ​អនុវត្តន៍ ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​តទៅ​។​

​លោក កែន សម្បត្តិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការកំណត់​ឧបសម្ព័ន្ធ​ថ្មី តម្លៃ​អចលនទ្រព្យ​កំណត់​ថ្មី សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា បើសិនជា​យើង​មើល​មិន​បានគិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ អាច​គិតថា​ជាការ​ដំឡើង​ពន្ធ ប៉ុន្តែ​ជាគោលការណ៍​រាជរដ្ឋាភិបាល​មិនមាន​ដំឡើង​ពន្ធ​ទេ សម្តេច​តេ​ជោ លោក​បាន​មានប្រសាសន៍​ហើយ​ថា រាជរដ្ឋាភិបាល​គ្មាន​ការដំឡើង​ពន្ធ​ទេ គឺ​មានតែ​យកពន្ធ​ឲ្យ​អស់​សក្តានុពល​ទៅ យើង​បាន​ពន្ធ​ច្រើន​។ អីចឹង​ដោយសារ​ការកំណត់​តម្លៃ​ពន្ធ​នេះ យើង​កំណត់​តាំងពី​ឆ្នាំ​២០១០​មក​។ តម្លៃ​២០១០ មកដល់​តម្លៃ​បច្ចុប្បន្ន​វា​ខុសគ្នា​ឆ្ងាយ​ណាស់ យើង​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​ស្តីពី​ភូមិសាស្ត្រ និង​តម្លៃ​អចលនទ្រព្យ​ប៉ុណ្ណោះ អត្រាពន្ធ​នៅតែ​៤​ភាគរយ ដដែល​យើង​អត់​មាន​ដំឡើង​ពន្ធ​អី​ទេ​»​។​

​លោក​បាន​ថ្លែង​ទៀតថា «​សម្រាប់​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៩ នៅតែ​អនុវត្តន៍​ជា​ធរមាន​ដដែល មិនមាន​ការប្រែប្រួល​ទេ គឺ​ធ្លាប់​បង់​នៅ​ឆ្នាំ​២០១៨​ប៉ុន្មាន គឺ​ត្រូវ​បង់​សម្រាប់​ឆ្នាំ​២០១៩ ប៉ុណ្ណឹង​ដែរ​»​។​

មន្ត្រីជាន់ខ្ពស់​ដដែល​រូបនេះ បានបង្ហាញ​ក្តី​រំពឹងថា នៅពេលដែល​អនុវត្តន៍​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ថ្មី នឹងធ្វើ​ឲ្យ​ចំណូល​ពន្ធ​ប្រថាប់ត្រា មាន​កើនឡើង​ខ្ពស់ជាង​បណ្តា​ឆ្នាំមុន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×