Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី ការប្រកួត​ពានរង្វាន់​ជើងឯក​វោហារកោសល្យ​និង​ការ​ស៊ូ​មតិ​ (CamDEBATE)​ នឹង​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការ​ស៊ូ​មតិ​របស់​យុវជន​

spot_img

ឆ្នាំ ២០១៩ នេះ​គឺជា​លើកដំបូង​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួតប្រជែង​យុវជន​ខ្នាត​អន្តរជាតិ​ស្ដី​ពី​សមត្ថភាព​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការតស៊ូ​មតិ​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​។​

កម្មវិធី CamDEBATE គឺជា​វេទិការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​តាមរយៈ​ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង ការ​ស៊ូ​មតិ​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​។ ដោយ​មាន​ការគាំទ្រ​ពី​ស្ថាប័ន IDP Education ដែល​ជា​ស្ថាប័ន​ឈាន​មុខ​គេ​ក្នុង​ការបណ្ដុះបណ្ដាល​និង​បញ្ជូន​សិស្ស​និសិត្ស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស កម្មវិធី CamDEBATE ស្វះស្វែង​លើកស្ទួយ​នូវ​វប្បធម៌​សន្ទនា ចែករំលែក​ទស្សនវិស័យ​នានា​រវាង​យុវជន​កម្ពុជា​ក្នុងនាម​លើកកម្ពស់​និង​ពង្រឹង​ការយល់ដឹង ចំណងមិត្តភាព និង​ចំណេះដឹង​ផ្សេងៗ​។

​លោក​ម៉ៅ​ស្រេង​នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education បាន​មានប្រសាសន៍ថា​“​កម្មវិធី​នេះ​ផ្ដោត​លើ​ការខិតខំ​និង​ការព្យាយាម​យ៉ាង​ផ្ចិតផ្ចង់​ទៅលើ​ការចែករំលែក​គំនិតល្អៗ​រវាង​សិស្សានុសិស្ស​និង​អ្នកជំនាញ​វ័យក្មេង​ក្នុងសង្គម ហើយ​កម្មវិធី​នេះ​ក៏​ខិតខំ​លើកកម្ពស់​និង​ជម្រុញ​កិច្ចពិភាក្សា​ដោយ​ចេះ​យោគយល់​រវាង​បុគ្គល និង​បុគ្គល​។ កម្មវិធី​នេះ​ក៏​ជា​វេទិការ​អភិវឌ្ឍ​ជំនាញ​សំខាន់ៗ​ដែល​មាន​ប្រយោជន៍​ដល់​ការសិក្សា​របស់​បេក្ខជន បូក​រួម​ទាំង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​និង​ផ្នែក​ការងារ​ផងដែរ​។​” បេក្ខជន​នឹង​ទទួលបាន​ឱកាស​ចូលរួម​ចែករំលែក​ទស្សនៈ​វិស័យ​ក្នុង​បរិយាកាស​ដែល​សំបូរបែប ចាប់តាំងពី​វគ្គ​ប្រកួត​សាកល្បង​លើក​ទី​មួយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ជាមួយគ្នានេះដែរ បេក្ខជន​ក៏​នឹង​ទទួលបាន​ការយល់ដឹង​ដ៏​ស៊ីជម្រៅ​ស្ដី​អំពី​ប្រធានបទ​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផង​ដែរ​។​

ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​និង​បន្ត​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​ជាមួយ​នឹង​តួលេខ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ៧ ភាគរយ​ជាង​មួយ​ទសវត្សរ៍​មក​នេះ តម្រូវការ​ការអប់រំ​ដែល​មាន​គុណភាព​ក៏​កើនឡើង​ដូច​គ្នា​។ ប្រជាជន​ប្រមាណ ៦៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​គឺ​ជា​យុវជន​ដែល​មាន​អាយុ​ក្រោម ៣០ ឆ្នាំ ដែល​នេះ​គឺជា​តម្រូវការ​ដ៏​ខ្លាំងក្លា​ទៅលើ​ការអប់រំ​។​សមត្ថភាព​បច្ចេកទេស ភាព​ឆ្នៃប្រឌិត​ការ​គិតពិចារណា ការធ្វើ​បទ​បង្ហាញ និង​ការដោះស្រាយ​បញ្ហា គឺ​សុទ្ធសឹង​ជា​ជំនាញ​សំខាន់ៗ​ដែល​យុវជន​កម្ពុជា​កំពុង​ស្វែងរក​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ពួកគេ​នៅលើ​ទីផ្សារការងារ​។​

​មកទល់ពេលនេះ កម្មវិធី CamDEBATE មាន​ដៃគូរ​សហការ​មក​ពីសា​លា មហាវិទ្យាល័យ ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ចំនួន ១៨ រួមមាន​៖ សាលា ACE ស្ថាប័ន IELTS វិទ្យាស្ថាន​ភាសាបរទេស សកល​វិទ្យាល័យន័​រតុន សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ សកល​វិទ្យាល័យ​វេ​ស្ទើ​ន សកល​វិទ្យាល័យ ប៊ែល​ធី អន្តរជាតិ មជ្ឈមណ្ឌល​ភាសា អេ អា​យ អា​យ សាលារៀន​វ៉េ​ស្ទ​ឡាញន៍ សកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​សកល​វិទ្យាល័យ​កម្ពុជា សកល​វិទ្យាល័យ​អង្គរ សកល​វិទ្យាល័យ​មានជ័យ សកល​វិទ្យាល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ រួម​ទាំង​ស្ថាប័ន​អប់រំ​របស់ Cambridge ដូចជា​Stafford House, CATS College និង ONCAMPUS ជាដើម​។​

“IELTS គឺជា​តេស្ដ​ប្រឡង​សមត្ថភាព​ភាសា​អង់គ្លេស​ដែល​សុ​ក្រិត​និង​ពេញនិយម​ជាងគេ​សម្រាប់​ប្រើប្រាស់​ក្នុង​ការសិក្សា ធ្វើ​ការងារ និង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។ IELTS មាន​បេក្ខជន​ប្រឡង​ដល់​ទៅ​ជាង ៣ លាន​នាក់​នា​ឆ្នាំមុន ខណៈ​ដែល​ស្ថាប័ន​ទូទាំង​ពិភពលោក​ជាង ១ ម៉ឺន​កន្លែង​ទទួលស្គាល់​គុណភាព​នៃ​ការប្រឡង​។ ស្ថាប័ន IELTS កម្ពុជា​មាន​មោទនភាព​ក្នុង​ការឧបត្ថម្ភ និង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​ជ្រោមជ្រែង​កម្មវិធី CamDEBATE ដើម្បី​ផ្ដល់​ឥទ្ធិពល​ល្អ​ទៅ​យុវជន​កម្ពុជា​យើង ដែល​ទស្សនវិស័យ​ទាំងនេះ​គឺជា​អ្វី​ដែល​កម្មវិធី CamDEBATE និង​ស្ថាប័ន IELTS​យល់​ឃើញ​ដូចគ្នា​” នេះ​ជាការ​លើកទ្បើង​របស់​លោក Neil Wilford មក​ពី​ស្ថាប័ន IELTS ប្រចាំ​កម្ពុជា​។​

​លោក​យស ថា​និន្ទ​ដែលជា​អ្នក​គ្រប់គ្រង​កម្មវិធី CamDEBATE ជឿជាក់​ថា​កម្មវិធី​នេះ​នឹង​ជម្រុញ​យុវជន​ឲ្យមាន​ឯករាជ្យភាព​ក្នុង​ការសិក្សា ស្វែងយល់ និង​ការបញ្ចេញមតិ​លើ​ប្រធានបទ​ដែល​ស៊ីជម្រៅ​និង​ទូលំទូលាយ ហើយ​ជំនាញ​ទាំងអស់​នេះ​នឹង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​បុគ្គល​នីមួយៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ចំណុច​ទាំង​នេះ​គឺជា​ការបំពេញ​បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការបង្កើត​ធនធានមនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​។ លោក​ថា​និន្ទ រំពឹងថា​នឹង​មាន​បេក្ខជន​ប្រមាណ ៣០០ នាក់​ទេ​ដែល​នឹង​ចូលរួម​ប្រកួត​នា​ឆ្នាំ ២០១៩ នេះ​។

​នាយិកា Leigh McIntyre អនុប្រធាន​ផ្នែក​លក់​សកល​នៃ Stafford House នៃ​ស្ថាប័ន​អប់រំ Cambridge បានឲ្យដឹងថា “​ស្ថាប័ន​អប់រំ Cambridge និង​មិត្ត​រួម​ការងារ​នៅ Stafford House​រងចាំ​ស្វាគមន៍​បេក្ខជន​ជ័យលាភី​ទាំង ១០ រូប​របស់​កម្មវិធី CamDEBATE មក​ស្នាក់នៅ​ចក្រភព​អង់គ្លេស​។ នាង​ខ្ញុំ​ជឿជាក់​ថា​ពួកគេ​នឹង​ទទួលបាន​បទពិសោធន៍​មួយ​ដែល​សប្បាយរីករាយ សំបូរបែប​និង​ដិត​ជាប់​ក្នុង​ការចងចាំ​របស់​ពួកគេ​ក្នុង​អំឡុងពេល ២ សប្តាហ៍​នៅ​ចក្រភព​អង់គ្លេស​នេះ​។​”

សិស្សានុសិស្ស​នៅ​ក្បែរ​Tower Bridge នៅ​ទីក្រុង​ឡុង​ដ៍​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍​

ការប្រកួត​ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​គ្រប់​សំណាក់​បេក្ខជន​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​រើសអើង​ជាតិ​សាសន៍​នោះឡើយ​។ បេក្ខជន​ត្រូវមាន​អាយុ​ចាប់ពី ១៥ ដល់ ២៥ ឆ្នាំ​។ ពួកគេ​នឹង​ត្រូវ​បែងចែក​ជា ២ ប្រភេទ​ក្នុង​ការប្រកួត​៖ ប្រភេទ​សិស្ស​វិទ្យាល័យ និង ប្រភេទ​និសិត្ស​និង​អ្នកជំនាញ​វ័យក្មេង​។​

បេក្ខជន​នឹង​ទទួលបាន​ការហ្វឹកហាត់​និង​ចូលរួម​បទ​បង្ហាញ​នានា​ដើម្បី ឲ្យ​ពួកគេ​ត្រៀម​ខ្លួន​កាន់តែ​ស្ទាត់ជំនាញ​សម្រាប់​ការប្រកួត​។ បទ​បង្ហាញ​ទាំងនោះ​នឹង​ត្រូវបាន​ផ្ដល់ជូន​ដោយ​គ្រូបង្វឹក​មកពី​ស្ថាប័ន​ដៃគូរ​របស់ CamDEBATE ដែល​ក្នុងនោះ​ក៏​មាន​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល​(ACE) ផងដែរ​។​

​នាយក​សាលា ACE លោក Ashley Irving​ក៏​បាន​ថ្លែង​ផងដែរ​ថា “​កម្មវិធី CamDEBATE នឹង​ផ្ដល់​ឲ្យ​បុគ្គល​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ការ​ស៊ូ​មតិ​និង​ការធ្វើ​បទ​បង្ហាញ​សាធារណៈ​ជា​ភាសា​អង់គ្លេស នូវ​ឱកាស​ក្នុង​ការបង្ហាញ​សមត្ថភាព​និង​បង្កើន​ភាព​ស្ទាត់ជំនាញ​របស់ខ្លួន​។ ខ្ញុំ​ជឿថា​បេក្ខជន​នឹង​ទទួលបាន​បទពិសោធន៍​ល្អៗ​ពី​ការប្រកួត​នេះ​បើ​ទោះបីជា​ពួកគេ​មិន​ទទួល​ជ័យជំនះ​ក៏ដោយ​។ សាលា​ACE មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​”

សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍​

​បេក្ខជន​អាច​ជ្រើសរើស​ចូលរួម​ប្រកួត​ក្នុងការ​ស៊ូ​មតិ ឬ ការធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​តែ​មួយ​មុខ​ក៏​បាន ឫ អាច​ចូលរួម​ប្រកួត​ទាំងពីរ​មុខ​តែ​ម្ដង​ក៏​បាន​។ បេក្ខជន​ជ័យលាភី​ទាំង ១០ រូប​នឹង​ទទួលបាន​មេដាយ ពាន​ជ័យលាភី ព្រមទាំង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចក្រភព​អង់គ្លេស​រយៈពេល ២ សប្តាហ៍ បូករួម​នឹង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​
​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​អាចបំពេញ​ពាក្យ​ចូលរួម​ប្រកួត​ឲ្យបាន​មុន​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០១៩ នេះ តាមរយៈ www.CamDEBATE.org​ ៕ ដោយ ៖ កូឡាប​

spot_img
×