Thursday, June 30, 2022

ក្រុមហ៊ុន china huaneng ប្រាប់​សម្តេច​តេ​ជោថា នឹង​ជួយ​កម្ពុជា អភិវឌ្ឍ​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​

​ប៉េកាំង ​៖ ​ក្នុងពេល​ដែល​ជួប​ពិភាក្សា​ការងារ​ជាមួយ សម្ដេច​តេជោ ហ៊ុន សែន នោះ ក្រុមហ៊ុន china huaneng group បាន​អះអាង​ថា ក្រុមហ៊ុន​នៅតែ​បន្ត​ធ្វើ​ការស្រាវជ្រាវ និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​នៅ​កម្ពុជា ជាពិសេស​ទៅលើ​ការអភិវឌ្ឍ​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ដែល​ចំ​ណុ​នេះ ខាង​ក្រុមហ៊ុន​មាន​ការចាប់អារម្មណ៍​ជាខ្លាំង​។​

​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​ទទួល​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​របស់​ប្រទេស​ចិន រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន china huaneng group​។

​ក្នុងជំនួប​នោះ ខាង​ភាគី​ខាង​ក្រុមហ៊ុន China Hauneng Group បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​គម្រោង និង​ការអនុវត្ត​របស់​ខាង​ក្រុមហ៊ុន​នៅ​កម្ពុជា​បាន​ទទួល​ជោគជ័យ​ទៅ​លើ​ការផលិត​អគ្គិសនី នៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ លើសពីនេះ​ទៀត​ក្រុមហ៊ុន China Hauneng Group ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ខាង​ក្រុមហ៊ុន​នៅតែ​បន្ត​ធ្វើ​ការស្រាវជ្រាវ និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​នៅ​កម្ពុជា ជាពិសេស​ទៅលើ​ការអភិវឌ្ឍ​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ដែល​ចំនុច​នេះ​ខាង​ក្រុមហ៊ុន​មាន​ការចាប់​អា​រម្ម​ណ៏​ជាខ្លាំង​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​តែងតែ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផលិត​នូវ​ថាមពល​អគ្គិសនី​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍ផ​ង​ដែរ​ថា ដោយសារ​តែ​ក្រុមហ៊ុន china huaneng group គឺជា​ក្រុមហ៊ុន​ដែល​ផលិត​អគ្គិសនី​ដោយ​វា​រី​អគ្គិសនី តាមរយៈ​នៃ​ការបង្កើត​វា​រី​អគ្គិសនី ហើយក៏​ជា​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុងការ​ផលិត​អគ្គិសនី ដូច​ក្រុមហ៊ុន​ផលិត​អគ្គិសនី​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​ផងដែរ​។ សម្តេច​តេជោ​បាន​បន្ថែម​ថា នៅ​កម្ពុជា​ពេល​ដែល​រដូវភ្លៀង​គឺ​មាន​ទឹក​គ្រប់គ្រាន់​ក្នុង​ការបង្កើត​ជា​អគ្គិសនី នៅពេល​ដែល​រដូវប្រាំង​វិញ​យើង​សម្បូរ​ទៅ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​អាកាសធាតុ​ក្តៅ ដូច្នេះ​ហើយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន China hauneng group ដែលជា​ក្រុមហ៊ុន​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង បង្កើត​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ឲ្យមាន​ការស្រាវជ្រាវ និង​បោះទុន​ទៅលើ​ការវិនិយោគ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។​

​ជាមួយគ្នានេះ ឯកឧត្តម​តំណាង​ខាង​ក្រុមហ៊ុន china huaneng group ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើ​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ថា មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍ​បាន​ទៅ​លើ​វិស័យ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​។ ជាពិសេស​ទៅទៀត សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍ផ​ង​ដែរ​ថា ចំពោះ​ការងារ​ដែល​ក្រុមហ៊ុន china huaneng group បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន ROYAL GROUP របស់​អ្នកឧកញ៉ា​គិត ម៉េង ជា​ដៃគូ​ក្នុងស្រុក ហើយ​ខាង​ក្រុមហ៊ុន​ចិន​បាន​ចាត់ទុកថា​ជា​ក្រុមហ៊ុន​ជា​ដៃគូ​ល្អ​ក្នុងការ​ផលិត​អគ្គិសនី​ដោយ​ដំណើរការ​ទៅ​យ៉ាង​រលូន​។​

​ឯកឧត្តម​តំណាង​ក្រុមហ៊ុន china huaneng group ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា ដោយសារតែ​ការអនុវត្ត​បាន​ទៅ​ដោយ​ជោគជ័យ​ទៅ​លើ​ការផលិត​ថាមពល​អគ្គិសនី​នេះ ដោយសារតែ​មាន​ការគាំទ្រ​យកចិត្តទុកដាក់​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងន័យ​នេះ​ឯកឧត្តម​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​រួម​ទាំង​យកចិត្តទុកដាក់​ដល់​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន ។ ឯកឧត្តម​តំណាង​ខាង​ក្រុមហ៊ុន​ក៏​បាន​ចាត់ទុកថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ អាច​ចាត់ទុកថា ជា​គម្រោង​គំរូ​មួយ​នៅក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រធានាធិបតី​ចិន​។ ឯកឧត្តម​ក៏បាន​ជម្រាប​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ខាង​ក្រុមហ៊ុន​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់​ចំពោះ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងន័យ​នេះ​ក្រុមហ៊ុន​គឺ​ធ្វើ​យ៉ាងណា នឹង​យកចិត្តទុកដាក់​ទៅ​លើ​ការអនុវត្ត​គម្រោង​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប ក៏ដូចជា​ការចូលរួម​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្តម ក៏​បាន​បន្ថែមថា គម្រោង​ដែល​មាន​ការអនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺជា​ការចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ ។​

​ឯកឧត្តម​តំណាង​ខាង​ក្រុមហ៊ុន china huaneng group ក៏​បាន​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្ថែមថា ក្រុមហ៊ុន​china huaneng group ក៏​បាន​ចូលរួម​ផ្នែក​មនុស្សធម៌​ផង​ដែរ​នៅ​កម្ពុជា​។ លើសពីនេះ​ទៀត ឯកឧត្តម​ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​អំពី​គម្រោង​ថ្មី​ទាក់ទិន​ទៅ​នឹង​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​អគ្គិសនី​ចំនួន ២០០ មេហ្គា​វ៉ាត់ ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នាពេល​ខាងមុខ​នេះ​។ ខាង​ក្រុមហ៊ុន បាន​គូសបញ្ជាក់ថា កម្ពុជា​មាន​ប្រភព​ថ្មី នៃ​ថាមពល ជាពិសេស​គឺ​ថាមពល​ដែល​ស្អាត​ដែល​បៃតង​គាំទ្រ​ដល់​បរិស្ថាន សម្រាប់​គម្រោង​ថ្មី​នេះ ឯកឧត្តម​បាន​ស្នើសុំ​ឲ្យមាន​ការគាំទ្រ​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដើម្បី​ចូលរួម​ការអភិវឌ្ឍន៍​វិស័យ​ថាមពល​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ជា​ការឆ្លើយតប​សម្ដេច​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់ថា ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រទេស​កម្ពុជា​ចង់បាន​គឺ​ថាមពល​ស្អាត ថាមពល​ដែល​គាំទ្រ​ដល់​បរិស្ថាន ជាពិសេស​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​៕​ ​ដោយ​៖​កូឡាប​