Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប៉ាន សូរ​ស័ក្តិ​ ៖ បច្ចេកវិទ្យា ដើរតួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកស្ទួយ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ចំណាត់ថ្នាក់​ស្តីពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច​របស់​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ខណៈដែល​ពិភពលោក​កំពុងតែ​ធ្វើដំណើរ​ឆ្ពោះទៅ​ចាប់យក​កាលានុវត្តភាព​ពី​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក ចា​ស្ទី​ន វូដ (Justin Wood) នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​មូលនិធិ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ស្វែងរក​កិច្ចសហការ​បន្ថែម​រវាង​ស្ថាប័ន​ទាំងពីរ ទាក់ទង​នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក ចា​ស្ទី​ន វូដ បាន​ជម្រាបជូន​អំពី​គម្រោង Digital ASEAN និង E-Payment ដែល​ផ្តួចផ្តើម​បង្កើត​ដោយ​មូលនិធិ WEF និង​បាន​ស្នើសុំ​ទស្សនៈ និង​ការចូលរួម​របស់ លោក​រដ្ឋមន្ត្រី ដើម្បី​អនុវត្តន៍​គម្រោង​ទាំងអស់នេះ សំដៅ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅតាម​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​គម្រោង​របស់​មូលនិធិ WEF និង​បាន​ថ្លែងអំណរគុណ លោក ចា​ស្ទី​ន វូដ ដែល​បានផ្តល់​កិច្ចសហការ​ល្អ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ឆ្នាំ​២០១៧ ប្រកបដោយ​ជោគជ័យ ដែល​បានរួម​ចំណែក​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ​យ៉ាងច្រើន ឱ្យ​ចូលមក​ទស្សនា និង​ធ្វើ​ធុរកិច្ច​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ចែករំលែក​អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​នាំយក​បច្ចេក​វិទ្យា​ឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហកម្ម ៤.០ ដើម្បី​បង្កើន​គណនេយ្យភាព និង​តម្លាភាព​នៃ​ការផ្តល់​សេវាសាធារណៈ ព្រមទាំង​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ លោក ចា​ស្ទី​ន វូដ បន្ត​សហការ និង​គាំទ្រ​កម្ពុជា ក្នុងការ​ចូលរួម​វេទិកា​ជំនួប​ធុរកិច្ច និង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ ដើម្បី​លើកស្ទួយ​កិត្តិនាម​របស់​ព្រះ​រា​ណា​ចក្រ​កម្ពុជា ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ថែមទៀត​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក លើក​ទី​២៧ ស្តីពី​អាស៊ាន ដែល​រៀបចំឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានទទួល​ជួបពិភាក្សា​ជាមួយ​បណ្ឌិត Klaus Schwab ដែលជា​ស្ថាបនិក​មូលនិធិ WEF ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​មួយចំនួន ជុំវិញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ នៅក្នុង​នោះ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា «​កម្ពុជា និង​អាស៊ាន​គួរតែ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បម្រើការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​»៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×