Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឱ្យ​ពាណិជ្ជករ​បរទេស ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​សមាគម និង​ក្រុមហ៊ុន​បរទេស ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់ខ្លួន ដោយ​យក​គំរូ​តាម​ស្រា​សំប៉ាញ «Champagne» បារាំង ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់ ដោយសារតែ​កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែលមាន​ទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាច្រើន សម្រាប់​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា និង​បរទេស​។​

​ការ​អំពាវ​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ស្រា​សំប៉ាញ របស់​គណៈកម្មការ​អន្តរ​អាជីព​នៃ​ស្រា​សំប៉ាញ (‘CIVC’) ប្រទេស​បារាំង ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា ដែល​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង កាលពី​រាត្រី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ចូលរួម​ពី​លោកស្រី​Eva Nguyen ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ពាណិជ្ជករ​ជាច្រើនរូប​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក​កិច្ច​ឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ តាមរយៈ​ការខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់ ការបណ្តុះបណ្តាល និង​បញ្ជ្រាប​កម្មសិទ្ធិបញ្ញា​ទៅក្នុង​កម្មវិធី​អប់រំ ការរៀបចំ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​ការចូលរួម​កិច្ច​ព្រៀម​ព្រៀង​អន្តរជាតិ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​បារាំង និង​បាន​ស្នើសុំ​លោកស្រី​ឯកអគ្គរដ្ឋទូត និង​ពាណិជ្ជករ​បារាំង បន្តធ្វើ​ធុរកិច្ច និង​វិនិយោគ​ថែមទៀត​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមជម្រាបថា​ស្រា​សំប៉ាញ គឺជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដ៏​ល្បី​របស់​ប្រទេស​បារាំង ដែល​បង្កើតឡើង​ដោយ​ត​ភ្ជាប់​កត្តា​ធម្មជាតិ និង​ប្រពៃណី​របស់​ជនជាតិ​បារាំង​។ ស្រា​នេះ ត្រូវបាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៥ ដោយ​អង្គការ UNESCO និង​បាន​ចុះបញ្ជី​ការពារ​ម៉ាក​នៅក្នុង​ប្រទេស​ចំនួន ១១៧ ហើយ​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម ស្រា​នេះ​បានផ្តល់​នូវ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ជាង ៥​ពាន់​លាន​អឺរ៉ូ ដល់​ប្រជាជន និង​ប្រទេស​បារាំង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×