អង្គការសហប្រជាជាតិ បានដាក់បញ្ជូលមេដឹកនាំក្រុមសកម្មប្រយុទ្ធជាន់ខ្ពស់ ដែលបានដឹកនាំការវាយប្រហារនៅតំបន់ Kashmir កន្លងទៅនេះចូលក្នុងបញ្ជីភេរវករ។
Masood Azhar គឺជាមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammed ដែលជាអ្នកទទួលខុសត្រូវក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែកុម្ភៈ នៅតំបន់ Kashmir បណ្តាលឲ្យទាហ៊ានឥណ្ឌាចំនួន ៤០នាក់បានស្លាប់។
ឥណ្ឌាសាទរចំពោះវិធានការរបស់អង្គការសហប្រជាជាតិ។
មេដឹកនាំក្រុមសកម្មប្រយុទ្ធរូបនោះនឹងប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ និងបំរាមធ្វើដំណើរ។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា “Masood Azhar ត្រូវដាក់បញ្ជូលក្នុងបញ្ជីខ្មៅជាភេរករក្នុងបញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ អរគុណចំពោះការគាំទ្រ”។
ចំណែកឯកអគ្គរដ្ឋទូតរបស់ប៉ាគីស្ថានវិញបានថ្លែងថា ខ្លួននឹងធ្វើការពង្រឹងទណ្ឌកម្មជាបន្ទាន់។
សូមរម្លឹកថា ប្រទេសប៉ាគីស្ថាន និងឥណ្ឌាបានធ្លាក់ជិតដល់មាត់សង្គ្រាម ក្រោយពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលផ្តាច់ជីវិតទាហ៊ានឥណ្ឌាជាច្រើនាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថាជាអ្នកនៅពីក្រោយការវាយប្រហារនោះ ប៉ុន្តែត្រូវបានប៉ាគីស្ថានបដិសេធ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC