ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច បានចេញសារាចរណែនាំស្តីពី ការលើកលែងពន្ធលើប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩ តទៅមុខ និងសេវារកការងារឲ្យធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករឬកម្មសិក្សាការីទៅធ្វើការនៅបរទេស។
បើតាមសារាចរនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ និយោជិត ជាជនជាតិខ្មែរ នៅតាមបណ្តាសហគ្រាសនានា និងដើម្បីកាត់បន្ថយបន្ទុកចំណាយ របស់ពលករទេសន្តរប្រវេសន៍ខ្មែរ ព្រមទាំងជួយ ពង្រីកទីផ្សារការងារ នៅក្រៅប្រទេស និងលើកកម្ពស់ ការបណ្តុះបណ្តាលជំនាញ ដល់ពលករ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖ ទី១៖ លើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់រំលឹក ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ របស់កម្មករនិយោជិតជាជនជាតិខ្មែរ នៃផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផ្នែកដទៃទៀត ដោយមិនគិតបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សឡើយ។ ទី២៖ អនុញ្ញាតជាចំណាយអាចកាត់កងបាន សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ក្នុងឆ្នាំជាប់ពន្ធចរន្ត ចំពោះការចំណាយរបស់សហគ្រាស លើការទូទាត់ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩ និងប្រាក់រំលីកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ តទៅមុខ។ ទី៣៖ លើកលែងអាករលើតម្លៃបន្ថែម លើសេវារកការងារឱ្យធ្វើ បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករ ឬកម្មសិក្សាការី ទៅធ្វើការនៅបរទេស របស់ទីភ្នាក់ងារជ្រើសរើសឯកជន៕ ដោយ៖កូឡាប