ភ្នំពេញ ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលការណ៍ប្រតិបត្តិការ ស្តីពីការគ្រប់គ្រងកិច្ចប្រតិបត្តិការបោសសម្អាតចម្ការមីន និងចម្ការគ្រាប់បែកចង្កោមពិត ដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ក្នុងវិស័យសកម្មភាពមីន ដោយមានការអញ្ជើញចូលរួមពីតំណាងកងយោធពលខេមរភូមិន្ទ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងមន្ត្រីផែនការសកម្មភាពមីន២៥រាជធានី-ខេត្ត។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានផ្តល់អនុសាសន៍ ៖
១)ក្រុមការងារនាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ របស់អាជ្ញាធរមីន ត្រូវបន្តចូលរួមពិនិត្យនូវដំណើការអនុវត្តគោលការណ៍នេះឲ្យមានប្រសិទ្ធភាព។
២)ម៉ាពូទាំងអស់ ត្រូវមានការយល់ដឹងច្បាស់លាស់លើគោលការណ៍ណែនាំ និងគោលការណ៍ប្រតិបត្តិការ ទាំងចម្ការមីន និងចម្ការគ្រាប់។
៣)ប្រតិបត្តិករទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ ជាពិសេសគោលការណ៍ដែលបានផ្សព្វផ្សាយនៅព្រឹកនេះ។
៤) ចំនុចខ្វះខាតណាមួយដែលភាគីពាក់ព័ន្ធយល់ឃើញថាគួរកែតម្រូវ ត្រូវផ្តល់មតិយោបល់ដល់ក្រុមការងារនាយកដ្ឋាន ដើម្បីធ្វើយ៉ាងណាជម្រុញឲ្យបានសម្រេចជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ៕ ដោយ ៖ កូឡាប