ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីលី ធុជ ក៏បានស្នើដល់ ប្រទេសផលិតមីន មេត្តាជួយ បោសសម្អាតមីនទាំងនោះ ចេញពីកម្ពុជា ពីព្រោះមីនជាច្រើនគ្រាប់ កំពុងបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់រងបួស ស្លាប់ និងពិការ។
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យឯកឧត្តម Christopher Baltazar MONTERO, ឯកអគ្គរដ្ឋទូតវិសាញ្ញា និងពេញសមត្ថភាព នៃសារធារណរដ្ឋប្រជាមានិតហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារវិស័យសកម្មភាពមីន នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។
ជាកិច្ចចាប់ផ្តើម លោកឯកអគ្គរដ្ឋទូត បានសម្តែងការសោកស្តាយ យ៉ាងខ្លាំនូវការបាត់បង់លោកចាន់ រដ្ឋា ហើយលោក ក៏ជាអ្នកបានគាំទ្រយ៉ាងខ្លាំងនូវបេក្ខភាព លោកចាន់ រដ្ឋា ជាអគ្គនាយក នៃមជ្ឈមណ្ឌល ARMAC នឹងគាំទ្រយ៉ាងខ្លាំង នូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីន នៅឆ្នាំ២០២៥។ ជាកិច្ចបន្ត លោកទេសរដ្ឋមន្ត្រី លី ធុជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានជម្រាបលោកឯកអគ្គរដ្ឋទូតផងដែរថា កម្ពុជានៅមានមីន និងសំណល់ជាតិផ្ទុះជាច្រើនគីឡូម៉ែតក្រឡា ដែលតម្រូវធ្វើការបោសសម្អាត និងតម្រូវថវិកាប្រមាណ៤០៦ លានដុល្លារអាមេរិក ។
មីនជាច្រើនគ្រាប់ត្រូវបានផលិតដោយប្រទេសមួយចំនួនហើយបាននឹងកំពុងបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់រងបួស ស្លាប់ និងពិការជារៀងរាល់ខែ ហើយ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ប្រទេសផលិតមីន មេត្តាជួយបោសសម្អាតមីនទាំងនោះ ចេញពីកម្ពុជា ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋស្លូតត្រង់ ៕ ដោយ ៖ កូឡាប