ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ផ្អាកការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងនៅថ្ងៃបុណ្យវិសាខបូជា និងមាឃបូជា ដែលត្រូវបានចាត់ទុកជាថ្ងៃដ៏ សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដ៏ច្រើនលើសលប់ដែល ប្រតិបត្តិនូវជំនឿរបស់ព្រះពុទ្ធ។
សេចក្តីជូនដំណឹងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះថ្ងៃទី៣០ ខែមេសា បានបញ្ជាក់ថា ការផ្អាកការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នៅថ្ងៃបុណ្យជាតិទាំងពីរនេះ គឺដើម្បីឲ្យប៉ះពាល់ដល់ វិស័យសាសនារបស់រដ្ឋ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ពិធីបុណ្យវិសាខបូជា និងមាឃបូជា គឺជាថ្ងៃដែល រាជរដ្ឋភិបាលបានកំណត់ថា ជាថ្ងៃបុណ្យជាតិ និងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់ ព្រះសម្មាសម្ពុទ្ធប្រសូត ត្រាស់ដឹង និងការចូលនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ។ ចំណែពិធីបុណ្យមាឃបូជា ប្រារព្ធឡើងក្នុងន័យរំឭកដល់ថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស បង្កើតព្រះពុទ្ធសាសនាក្នុងលោក នៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គត្រាស់ដឹងចំនួន ៩ខែគត់។
លោក បានណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សហការអនុវត្ត និងផ្សព្វផ្សាយពីការហាមឃាត់ ចំពោះការពាណិជ្ជកម្មគ្រឿងស្រវឹង នៅថ្ងៃទាំងពីរនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ ក៏បានព្រមានចាត់វិធានការ តាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ះពាល់ដល់ សាសនារបស់រដ្ឋ៕ ដោយ ៖ កូឡាប