ភ្នំពេញ ៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់លិខិតមួយច្បាប់ដោយគោរពជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំការអនុញ្ញាតគណប្រតិភូ អ្នកសារព័ត៌មានអន្តរជាតិជាតិសាសន៍ចំនួន៥០០នាក់ ឲ្យបានចូលទស្សនារមណីយដ្ឋានអង្គរ ដោយឥតគិតថ្លៃ។
បើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងព័ត៌មាននឹងរៀបចំ សន្និសីទកំពូលសារព័ត៌មានអាស៉ី ឆ្នាំ២០១៩ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមទៀតថា ក្នុងឱកាសស្នាក់នៅក្នុងខេត្តសៀមរាប ក្រសួងព័ត៌មានសូមសុំការអនុញ្ញាត ឲ្យគណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិចំនួន៥០០នាក់ បានចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយឥតបង់ថ្លៃ ក្នុងបំណងផ្តល់ការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌កម្ពុជា និងផ្សាយតាមប្រព័ន្ធឃោសនារបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះគ្រោងធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា អ្នកសារព័ត៌មានអន្តរជាតិជាតិសាសន៍ប្រមាណ ៥០០នាក់ មកពីបណ្តាប្រទេសនានាទូទាំងពិភពលោក នឹងចូលរួមសន្និសីទកំពូលសារព័ត៌មានអាស៉ីឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាប រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ គ្រោងនាំអ្នកព័ត៌មានបរទេសទាំងនេះ ចូលទៅកម្សាន្តនៅប្រាសាទអង្គរវត្ត ដើម្បីឲ្យពួកគេផ្សព្វផ្សាយពីប្រាសាទអង្គរវត្តទៅកាន់ពិភពលោក៕ ដោយ៖កូឡាប