Thursday, July 7, 2022

ធនាគារជាតិ​រុះរើ​ស្នាក់ការ​កណ្ដាល ​ដើម្បី​សាងសង់​អគារ​ថ្មី​

​ភ្នំពេញ ​៖ ​ធនាគារកណ្ដាល​កម្ពុជា បានសម្រេច​ផ្ទេរ​អគារ​រដ្ឋបាលកណ្ដាលរ​បស់​ខ្លួន នៅ​បណ្ដោយ​មហាវិថី​នរោត្តម កណ្តាល​ទីក្រុង​ភ្នំពេញ ទៅកាន់​ទីតាំង​ថ្មី ដើម្បី​រុះរើ​សាងសង់​អគារ​ថ្មី​នៅ​ទីតាំង​បច្ចុប្បន្ន​។​

​ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​៣០ ខែមេសា ស្តីពី ការប្តូរ​ទីតាំង​ជា​បណ្តោះអាសន្ន​អគារ​រដ្ឋបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា យោងតាម​ការចាំបាច់ ឆាប់ៗ​ខាងមុខនេះ ធនាគារជាតិ​កម្ពុជា នឹងធ្វើ​ការរុះរើ​អគារ​ស្នាក់ការ​កណ្តាល បច្ចុប្បន្ន​ហើយ​ចាប់ផ្ដើម​សាងសង់​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​ជាថ្មី​ឡើងវិញ​នៅលើ​ទីតាំង​ចាស់​ដដែល​។ អគារ​រដ្ឋបាល​នៃ​ធនាគារជាតិ នឹងត្រូវ​ផ្លាស់ប្ដូរ​ទៅកាន់​ទីតាំង​ថ្មី ស្ថិត​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី​ថ្ងៃទី​២ ខែឧសភា តទៅ​។​

​កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ធនាគារ​បានប្រកាស ពី​គម្រោង​សាងសង់​អគារ​ថ្មី​របស់ខ្លួន ដែល​យក​រចនា​តាម​រចនាបទ​ប្រាសាទភ្នំ ដែល​បង្ហាញ​ពី​ការរីកចម្រើន​វិស័យ​ធនាគារ ប៉ុន្តែ ធនាគារជាតិ​មិន បានបង្ហាញ​ពី​តម្លៃ​នៃ​អគារ​ថ្មី ដែល​ត្រូវ​សាងសង់​នោះទេ​។​

​ធនាគារជាតិ បាន​រង​ការ​ខូ​ត​ទាំងស្រុង​ក្នុងសម័យ​សង្គ្រាម រហូតដល់​ថ្ងៃ​រំដោះ​៧​មករា និង​ត្រូវបាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩០ ហើយ​បាន​កែលម្អ​បន្ថែម​នៅ​ឆ្នាំ​២០០៣ នឹងត្រូវ​បាន​ប្រើប្រាស់​រហូតមក​ដល់ពេល​បច្ចុប្បន្ន​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​