ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទីសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋចំនួន៤២គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានមកប្រមូលផ្តុំគ្នានៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ ដើម្បីស្នើជួបថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយដោះស្រាយវិវាទដីធ្លី ដែលពួកគាត់អះអាងថា ត្រូវបានឈ្មោះ សុខ ប៊ុន បានក្លែងឯកសាររំលោភយក។
កាលពីព្រឹកមិញនេះ ក្រុមប្រជាពលរដ្ឋបានបង្ហាញកង្វល់ ខ្លាចបាត់បង់ដីធ្លីជាថ្មីទៀត និងបានអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យជួយអន្តរាគមន៍ និងបញ្ជូនមន្ត្រីឯករាជ្យ ចុះអង្កេតទៅលើ សកម្មភាព របស់លោក សុខ ប៊ុន និងបក្សពួកគេ ដែលបានក្លែងឯកសារ ប៉ុនប៉ង រំលោភយកដីចម្ការ និងដី លំនៅឋានធ្លាប់អាស្រ័យផលជាយូរឆ្នាំមកហើយ។
ក្តីបារម្ភនេះ ប្រជាពលរដ្ឋទាំង ៤២គ្រួសារ ក៏បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅ លោក សេង ហ៊ួលៀង ចៅសង្កាត់កោះរ៉ុង និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីចុងខែមេសា ឆ្នាំ២០១៩ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ បញ្ឈប់សកម្មភាព របស់លោក សុខ ប៊ុន ឲ្យបានឆាប់។
ការប្រមូលផ្តុំគ្នាតវ៉ានេះ ក៏ត្រូវបានមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួនប្រមាណជិត ១០នាក់ បានចូលជួបពិភាក្សាគ្នា ដើម្បីឈានទៅរកដំណោះស្រាយ។
នាឱកាសនោះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានព្រមទទួលយកបណ្តឹង របស់ ប្រជាពលរដ្ឋទាំង ៤២គ្រួសារនោះ ដើម្បីដាក់ឆ្លងជូន អភិបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយនៅពេលក្រោយ ហើយក៏បានស្នើឲ្យប្រជាពលរដ្ខរំសាយការប្រមូលផ្តុំគ្នាវិលត្រឡប់ទៅផ្ទះវិញ។
ទាក់ទិនបញ្ហាខាងលើនេះ តំណាងប្រជាពលរដ្ឋ ៤២គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានឲ្យដឹងថា គោលបំណង ដែលជួបជុំគ្នា នៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីស្នើសុំជួបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនេះជូនពួកគាត់ឲ្យមានយុត្តិធ៌មឡើងវិញ។
បញ្ហានេះ ប្រជាពលរដ្ឋ បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោក សុខ ប៊ុន អគ្គនាយ ក្រុមហ៊ុន សុខប៊ុន គ្រុប និង ក្រុមការងារក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ បាន នាំយកម៉ាស៊ីន ជីភីអេស (GPS) យកទៅចុច វាស់លើបរិវេណដីធ្លី របស់ប្រជាពលរដ្ឋទាំង ៤២គ្រួសារ ដែលកំពុងកាន់កាប់ នៅចំណុច ពយ តា ផេង ពយ អាពត និង ថ្ម ជញ្ជាំង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះ រ៉ុង ក្រុង និង ខេត្ត ព្រះសីហនុម្តងរួចមកហើយ ប៉ុន្តែកាលណោះត្រូវបានប្រជាពលរដ្ឋផ្ទុះការតវ៉ា។
ងាកមកលិខិតស្នើជួយអន្តរាគមន៍ របស់ប្រជាពលរដ្ឋទាំង ៤២គ្រួសារ ដាក់ ជូន ចៅសង្កាត់កោះរ៉ុង និង អភិបាល ខេត្តព្រះសីហនុ កាលពីចុងខែមេសា ឆ្នាំ២០១៩នេះបង្ហាញថា ពួក គាត់មានកិច្ចសន្យាផ្ទេរ សិទ្ធិ កាន់កាប់ ដី ពី ឆ្នាំ ២០១៣ និង ពាក្យ ស្នើសុំ កាន់កាប់ ដី ប្រើ ប្រាស់ ចុះ ថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០០៨ ចុះ ហត្ថលេខា ដោយ លោក អ៊ួង និត អតីត ចៅ សង្កាត់ កោះរ៉ុង។ ហើយថា ដីធ្លីខាងលើនេះ ពួកគាត់មានសាលាកប័ ត្រព័ត៌មាន ចុះ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៥ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ត្រឹមត្រូវស្របច្បាប់។
ប្រជាពលរដ្ឋខ្លះឲ្យដឹងទៀតថា ពួក គាត់បានមករស់ នៅលើកោះរ៉ុង តាំង ពី ពួក គាត់ មានអាយុ ១៥ ឆ្នាំ និងអ្នកខ្លះទៀត បានមករស់នៅកាលពីឆ្នាំ២០០០មកម្ល៉េះ ដោយបាន ប្រកប របរ ធ្វើ ចម្ការ ដើម្បី ចិញ្ចឹម ជីវិត និង បាន ដាំ ដំណាំ កសិកម្ម មួយ ចំនួន នៅ លើដីនោះ រួមមានដំណាំ ដូង ខ្នុរ និង ស្វាយចន្ទីរជាដើម នៅលើដីនោះជាក់ស្តែងត។
ប្រជាពលរដ្ឋបន្តថា ការរស់នៅ និងកាន់កាប់ដីចំការរៀងៗខ្លួនរបស់ពួកគាត់បន្តរហូតមកដល់បច្ចុប្បន្ននេះ ក៏មានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ និង ក្រុងព្រះសីហនុថែមទៀតផង។ ពិសេសជាងនេះ ដីលំនៅឋាន និង ដីចម្ការរបស់ពួកគាត់ទាំង ៤២ គ្រួសារ ត្រូវបានស្ថាប័នជំនាញ នៃក្រុមការងារថ្នាក់ជាតិ មានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមន្ត្រីពាក់ព័ន្ធ ខេត្ត ព្រះសីហនុ បានចុះ វាស់វែង កំណត់ ក្បាលដី ត្រៀមចេញបណ្ណកម្មសិទ្ធិ និង បាន ប្រកាស បិទ ផ្សាយ ទិន្នន័យ ក្បាល ដី ជា សាធារណៈ នូវឯកសារសុរិយោដី ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារបច្ចេកទេសបានចុះបញ្ជីដីធ្លី និង បានចុះវាស់វែងប្រមូលទិន្នន័យក្បាលដីរួចរាល់ ស្របតាមនីតិវិធីច្បាប់។ ជាងនេះទៀត ខាងមន្ត្រីជំនាញក្រសួងរៀបចំដែនដី ក៏បាន ទុកពេល១៥ ថ្ងៃ សម្រាប់ឲ្យអ្នកពាក់ព័ន្ធធ្វើការតវ៉ាគឺចាប់ពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋទាំង ៤២ គ្រួសារ បានសំណូមពរ ដល់ លោក យន្ត មីន អភិបាល ខេត្ត ព្រះសីហនុ, លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយអន្តរាគមន៍ និង អង្កេតទៅលើសកម្ម ភាព របស់ លោក ឧកញ៉ា សុខ ប៊ុន និង បក្សពួក ដែលបានឃុបឃិតក្លែងឯកសារ ប៉ុនប៉ងរំលោភយកដីធ្លីរបស់ពួកគាត់នៅលើកោះរ៉ុង ដោយឲ្យបានឆាប់ និងអនុគ្រោះផង។
យ៉ាងនេះក្តី មិនទាន់អាចទាក់ទង លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ ដើម្បី បំភ្លឺ ជុំវិញ វិវាទ ដីធ្លី រវាង ប្រជា ពល រដ្ឋ ៤២ គ្រួសារ រស់ នៅ ភូមិ ព្រែក ស្វាយ សង្កាត់ កោះរ៉ុង មាន ទំនាស់ ជាមួយ លោក ឧកញ៉ា សុខ ប៊ុន ដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយបាននៅឡើយទេ នៅ ល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ។
ចំណែកលោកឧកញ៉ា សុខ ប៊ុន ដែលមាន លំនៅឋាន ជា អចិន្ត្រៃយ៍ នៅ រាជធានី ភ្នំពេញ ក៏ មិន ទាន់ ស្នើសុំ ការ បំភ្លឺ ជុំវិញ ការ ចោទ ប្រកាន់ របស់ ប្រជា ពលរដ្ឋ ទាំង ៤២ គ្រួសារ ដែល ចោទរូបលោក ថាបាន ក្លែង ឯក សារ រំលោភ យក ដីធ្លី របស់ ពួក គាត់ បានទេតាមទូរស័ព្ទ ដោយប្រព័ន្ធទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន។
យ៉ាងនេះក្តី យោង តាម ឯកសា ចុះ ថ្ងៃ ទី ២១ ខែ មីនា ឆ្នាំ ២០១៨ របស់ ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ផ្ញើ ជូនអភិបាល ខេត្ត ព្រះសីហនុ បាន បញ្ជាក់ ថា ក្រសួង រៀបចំ ដែនដី បាន ឯកភាព ជា គោលការណ៍ បង្កើត ក្រុម ការ ងារ ចុះ ពិនិត្យ វាស់វែង ក្បាល ដី ទំហំ ជាង ៥ លាន (៥.២៥០.០០០) ម៉ែត្រ ការ៉េ របស់ ឈ្មោះ សុខ ប៊ុន ស្ថិត នៅភូមិ ព្រែក ស្វាយ សង្កាត់ កោះរ៉ុង ក្រុង និង ខេត្ត ព្រះសីហនុ។ លិខិត នេះ បាន ស្នើសុំ ឲ្យ រដ្ឋបាល ខេត្ត ព្រះសីហនុ ចាត់ មន្ត្រី ជំនាញ ពាក់ព័ន្ធ ឲ្យ ចូលរួម អនុវត្ត ការងារ ខាង លើ នេះឲ្យ បានជោគជ័យ។
សំណើខាងលើនេះ ក្រសួង រៀប ចំដែនដី បានចាត់ឲ្យ លោក សួន សូផា ដឹកនាំ ក្រុម ការងារ ចុះ សហការ អនុវត្ត ការ ងារវាស់វែង ទំហំផ្ទៃ ដី ខាង លើ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ខេត្ត នៅ ថ្ងៃ ទី ២២ ខែ មីនា ឆ្នាំ ២០១៨ ឲ្យមានប្រសិទ្ធភាពផងដែរ។
យ៉ាងណាក៏ដោយចុះ នៅក្នុងលិខិតសរសេរដៃ មានផ្តិតស្នាមមេដៃ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ របស់ ក្រុមការងារចុះវាស់វែងចុះវាស់វែងដីជូន ឈ្មោះ សុខ ប៊ុន មានទីតាំងនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ បានបដិសេធ និងមិនទទួលស្គាល់ទំហំដីលេខ ៦៩ ក.រ របស់លោក សុខ ប៊ុន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ទេ។
កាលណោះក្រុមការងារចុះវាស់វេងដីខាងលើ មានសមាសភាពចំនួន ៦នាក់ ដោយពួកគេបានអះអាងថា ការចុះវាស់វែងដី របស់លោក សុខ ប៊ុន ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ថា យោងតាមការចុះវាស់វែងដីជាក់ស្តែង គឺទីតាំងដីពិតប្រាកដ របស់លោក សុខ ប៊ុន ពេលនោះ គឺមានទទឹងប្រវែង ១០៥ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ មានទំហំសរុប ៥២៥០០ម៉ែត្រការ៉េគត់។
ត្រង់ចំណុចនេះ ក្រុមការងារចុះវាស់វែងដីខាងលើ បានបញ្ជាក់នៅក្នុងលិខិតដដែលថា ព្រំដីរបស់លោក សុខ ប៊ុន គឺមានព្រំ៖ ខាងជើងទល់នឹង ឆ្នេរថ្មសមុទ្រ ១០៥ម៉ែត្រ។ ខាងត្បូងទល់នឹងចង្កេះភ្នំថ្មជញ្ជាំង។ ខាងកើតទល់នឹង ដីលោក ទេព វុទ្ធី និងខាងលិចទល់នឹង ៥០០ម៉ែត្រ ពីដៃអូរទឹកសាបជាប់ដី ជី វិស័យ និងពីកូនកោះដូង។
ទាក់ទិនបញ្ហានេះ លោក កែវ ពៅ មេភូមិព្រែកស្វាយបច្ចុប្បន្ន និងលោក អ៊ួង និត អតីតចៅសង្កាត់កោះរ៉ុង បានបញ្ជាក់ថា ដី របស់លោក សុខ ប៊ុន មានទំហំត្រឹមតែទទឹង ១០៥ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ឬមានទំហំស្មើ ៥ហិចតា និង២៥អាតែប៉ុណ្ណោះ។ ដីក្រៅពីនេះ គឺជាដី របស់ប្រជាពលរដ្ឋផ្សេង ដែលរស់នៅក្បែរនោះ។ ដូច្នេះលោកបដិសេធមិនទទួលស្គាល់ឯកសារទិញលក់ដី របស់លោក សុខ ប៊ុន ដែល មានទំហំលើពីទំហំដីខាងលើនេះ។
ផ្តើមពីបញ្ហានេះ លោក អ៊ួង និត អតីតចៅសង្កាត់កោះរ៉ុង បានបដិសេធមិនទទួលស្គាល់លិខិតលេខ ៦៩ ក.រ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០២ ដែលជាការទិញ និងលក់ របស់ លោក សុខ ប៊ុន និងលោក ម៉ា ទី នោះជាដាច់ខាត។
ចំណុចនេះ លោក អ៊ួង និត បានទទួលស្គាល់ទំហំដី ទិញលក់ របស់ លោក សុខ ប៊ុន មានទំហំ ១០៥ម៉ែត្រ គុណ ៥០០ម៉ែត្រ ឬស្មើ៥២៥០០ម៉ែត្រការ៉េតែប៉ុណ្ណោះ។
លោក កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក៏បានសរសេរលិខិតបដិសេធមួយច្បាប់ផ្ញើជូន លោក ចៅសង្កាត់កោះរ៉ុង និងពលរដ្ឋទាំង ៤២គ្រួសារ ដោយបានបដិសេធថា រូបលោកមិនទទួលស្គាល់លិខិតស្នើសុំកាន់កាប់ប្រើប្រាស់ដីចំការចាស់ និងលិខិតផ្ទេរសិទ្ធិ របស់ ឈ្មោះ សុខ ប៊ុន ដែលបានទិញពីឈ្មោះ ម៉ា ទី ជាប្រជាពលរដ្ឋ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុខាងលើនោះទេ។
ងាកមក លោក សេង ហ៊ួលៀង ចៅសង្កាត់កោះរ៉ុងបច្ចុប្បន្ន ក៏បានស្នើដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយរកដំណោះស្រាយលើបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារ ដើម្បីផ្តល់យុត្តិធ៌មជូនភាគីពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវស្របតាមច្បាប់។
លោកចៅសង្កាត់រូបនេះ ប្រកាសគាំទ្រ និងទទួលស្គាល់វត្តមាន របស់ប្រជាពលរដ្ឋទាំង ៤២គ្រួសារ បានចូលមករស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុពិតប្រាកដមែន។
គួររំលឹកថា លោក ឧកញ៉ា សុខ ប៊ុន អគ្គនាយ ក្រុមហ៊ុន សុខ ប៊ុន គ្រុប កាល ពី ថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ ត្រូវ បាន តុលា ការ សាលា ដំបូង រាជធានី ភ្នំពេញ ចាប់ ដាក់ គុក ម្តង រួច មក ហើយ ពី បទ ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ ទោស ដោយសារ លោក សុខ ប៊ុន និង អង្គរក្ស បាន វាយ ទាត់ ធាក់ទៅលើអតីតពិធីការីនីទូរទស្សន៍ CTN គឺ កញ្ញាឯក សុជាតា នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ក្នុងរាជធានីភ្នំពេញ៕ ដោយ៖ ដែន សីមា