Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អនុម័ត​សេចក្តីព្រាង​យុទ្ធសាស្ត្រ CTIS ជំនាន់​ទី​៤ និង​ស្នើ​អន្តរក្រសួង​ចូលរួម​អនុវត្តន៍ ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍​ពាណិជ្ជកម្ម និង​វិនិយោគ​ពាក់ព័ន្ធ​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បានប្រកាស​អនុម័ត​ជាគោលការណ៍​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ជំនាន់​ទី​៤ ជាមួយ​តារាង​សកម្មភាព ឆ្នាំ​២០១៩-២០២៣ និង​បាន​ស្នើ​តំណាង​អន្តរក្រសួង ចូលរួម​អនុវត្តន៍ និង​តាមដាន​រួមគ្នា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

​ការប្រកាស​របស់​លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​អនុម័ត​ឯកសារ​ព្រាង CTIS ឆ្នាំ​២០១៩-២០២៣ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​តំណាង​វិស័យ​ឯកជន ប្រមាណ​ជាង ១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងអំណរគុណ​តំណាង​អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​មតិ និង​ធាតុ​ចូល​ល្អៗ ដល់​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​ចងក្រង​ឯកសារ​ទស្សនាទាន (Concept Note) នៃ​យុទ្ធសាស្ត្រ CITS និង​ជំពូក​នីមួយៗ តាំងពី​ដំណាក់កាល​ដំបូង រហូត​សម្រេច​បាន​នូវ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ ប្រកប​ដោយ​ខ្លឹមសារ​សំខាន់​ថ្ងៃនេះ។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាត​ត ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន និង​បន្ត​ធ្វើ​កំណែទម្រង់​បន្ថែមទៀត ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​ខ្លួន សំដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ព្រម​ទាំង​ផលិតផល​ថ្មីៗ ដែល​មាន​សក្តានុពល​នាំចេញ​ខ្ពស់ ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​សេចក្តីព្រាង​ឯកសារ CTIS ជំនាន់​ទី​៤​។​

«​ឯកសារ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ជំនាន់​ទី​៤ ២០១៩-២០២៣ មិនមែន​សម្រាប់​តែ​ក្រសួង​ពាណិជ្ជកម្ម​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​រួម ដែល​ទាមទា​ឱ្យ​ក្រសួង​-​ស្ថាប័ន​ទាំងអស់ សហការ​គ្នា​អនុវត្តន៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ក្នុង​បរិបទ​បច្ចុប្បន្ន និង​អនាគត​» លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា ប្រធានបទ​ចម្បង​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ CTIS ជំនាន់​ទី​៤ ឆ្នាំ​២០១៩-២០២៣ ផ្តោត​លើ​ចំនុច​សំខាន់​ចំនួន​ពីរ​គឺ​៖ ១.​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្ត​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង ២.​ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0)៕​ ​ដោយ​៖​កូឡាប​

spot_img
×