តាកែវ ៖ ការកើតទុកមិនសុខចិត្តមួយបានកើតឡើងលើគ្រួសារលោកពូ អូក ញ៉ និង អ្នកមីង ម៉ី ផាន្នី រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ចំពោះអាជ្ញាធរដែលបានសម្រេចបើកផ្លូវឲ្យប្រជាពលរដ្ឋ ធ្វើឲ្យបាត់បង់ដីផ្ទាល់ខ្លួនរបស់គាត់ទាំងដែលមិនមានដំណោះស្រាយណាមួយសមស្របដែលអាចទទួលយកបាន ខណៈដែលការធ្វើវិភាគទានទៅលើផ្លូវគឺត្រូវតែមានការចូលរួមទាំងសងខាងទើបសមស្រប។
គ្រួសាររងគ្រោះដោយការបាត់បង់ដី លោកពូ អូក ញ៉ និង អ្នកមីង ម៉ី ផាន្នី បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះថា ដើមឡើយការទំនាស់ដីធ្លីចំពោះពលរដ្ឋនិងគ្រួសាររបស់គាត់គឺមានជាយូរឆ្នាំណាស់មកហើយ លើបញ្ហាសុំបើកផ្លូវលើផ្លូវចាស់ដែលមានស្រាប់ដែលជាផ្លូវភ្លឺស្រែតែប៉ុណ្ណោះ រហូតកើតក្តីក្តាំងតវ៉ាគ្នាតាំងពីឆ្នាំ២០០០មកម្លេះ។ លុះមកដល់ពេលបច្ចុប្បន្នភាគីទាំងសងខាងនៃផ្លូវបានសម្រេចផ្តល់ដីរបស់ខ្លួនដើម្បីពង្រីកផ្លូវឲ្យបានទំហ៊ំ ២.៥ ម៉ែត្រ ធំជាងមុនដែលជាផ្លូវភ្លឺស្រែនោះអាចបើកបររថយន្តចេញចូលបាន សម្រាប់ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយ។ ដោយមានមហិច្ឆតាចង់បានពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយក៏កើតមានរឿងសុំបើកផ្លូវសារជាថ្មីម្តងទៀត ដែលក្នុងនោះ ក្រោមការដឹកនាំរបស់អតិតអភិបាលស្រុកត្រាំកក់ លោក តឹក តុងលីម បានធ្វើការបកស្រាយបំភ្លឺលើករណីពង្រីកផ្លូវនេះទៅថ្នាក់ខេត្តយ៉ាងច្បាស់ថា ដើមឡើយផ្លូវនេះគឺជាផ្លូវភ្លឺស្រែតែប៉ុណ្ណោះ ដោយមានសភាពតូចចង្អៀត ពលរដ្ឋដែលរស់នៅខាងក្រោយបានស្នើសុំឲ្យម្ចាស់ដីដែលនៅខាងមុខ គឺលោកពូ អូក ញ៉ និងភាគីដីម្ខាងទៀតនៃផ្លូវមេត្តាជួយបើកផ្លូវឲ្យបានធំជាងនេះ ក្រោយមកភាគីទាំងសងខាងបានសម្រេចបើកផ្លូវតាមសំណូមពរប្រជាពលរដ្ឋឲ្យធំជាងមុន ក្នុងទំហ៊ំ ២,៥ ម៉ែត្រ។ លុះអភិបាលស្រុកចាស់ត្រូវចូលនិវត្តិ៍ប្តូរអភិបាលស្រុកថ្មីដោយលោក កៅ វគ្គសែល ក៏កើតមានរឿងសុំបើកផ្លូវនះសារឡើងវិញទៀតដែលមានការទាមទារទំហ៊ំរហូតដល់ទៅ៥ម៉ែត្រ ពេលនោះគ្រួសាររបស់លោកបានចាញ់ក្តី ហើយព្រះរាជអជ្ញារងនៃសាលាតំបូងខេត្តតាកែវ រួមជាមួយកំលាំងចម្រុះបានចុះមកអនុវត្តលើសាលដីការកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយបានវាយកំទេចរបងផ្ទះរបស់គាត់ធ្វើឲ្យប៉ះពាល់ដីផ្ទាល់ខ្លួនរបស់លោកពូ អូក ញ៉ ជាច្រើនម៉ែត្រថែមទៀត។
អ្វីដែលគ្រួសារគាត់នោះមិនសុខចិត្ត ពីការពង្រីកផ្លូវគឺទាល់តែមានការចូលរួមវិភាគទានគ្នាទាំងម្ចាស់ដីសងខាងនៃផ្លូវ ហេតុអ្វីបានជាពង្រីកផ្លូវយកដីរបស់គាត់តែម្ខាង តើនេះជារឿងយុត្តិធម៌ដែរឬទេ? ដោយកើតជាចម្ងល់លោកពូ អូក ញ៉ និងអ្នកមីង ម៉ី ផាន្នី តែងតែទៅជួបលោក កៅ វគ្គសែល ដែលជាអភិបាលស្រុកត្រាំកក់ ជួយដោះស្រាយដល់ប្រជាពលរដ្ឋ តែត្រូវលោក កៅ វគ្គសែល ប្រើពាក្យសម្តីមិនសមគួរនិងស្តីបន្ទោសគ្រប់ពេលដែលជួប។ ពួកគាត់បានលើកឡើងថា តើមន្ត្រីទាំងនោះ ជាចៅហ្វាយរាស្ត្រឬជាអ្នកបម្រើរាស្ត្រ? បើពេលជួបម្តងៗសុំឲ្យធ្វើការដោះស្រាយជូនដូចទៅជួបចៅហ្វាយនាយអញ្ចឹង! ដែលការអនុវត្តការងាររបស់លោកអភិបាលស្រុកត្រាំកក់រូបនេះវាផ្ទុយទៅនិងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែនិយាយថា មន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រនោះទេ។
ជុំវិញករណីនេះ ក្រុមអ្នកសារព័ត៌មានបានទាក់ទងតាមរយៈទូរស័ព្ទទៅលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់នៅថ្ងៃរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទរបស់លោកខលចូល តែមិនមានអ្នកទទួលឡើយ។ ដោយឡែកលោក នួន សុធា ប្រធានមន្ទីរសូរិយោដីខេត្តតាកែវ បានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទថា រឿងនេះលោកមិនសូវដឹងច្បាស់នោះទេ ព្រោះភូមិបាលស្រុកត្រាំកក់ជាអ្នកធ្វើ ហើយមន្ទីរគ្រាន់តែមានសិទ្ធគូសផ្គងប្លង់តែប៉ុណ្ណោះ ចំណែករឿងពង្រីកផ្លូវចូលដីភាគីតែម្ខាងគឺលោកមិនបានឆ្លើយតបអ្វីទាំងអស់ ហាក់បីដូចជាមានការឃុបឃិតគ្នាធ្វើបាបម្ចាស់ដីតែម្ខាងគឺ លោកពូ អូក ញ៉ និងអ្នកមីង ម៉ីផាន្នី។
គ្រួសាររងគ្រោះដែលមានការគៀបសង្កត់ពីអាជ្ញាធរបានលើកដៃសំពះស្នើសុំឲ្យសម្តេតេជោ ជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕ ដោយ ៖ តាកែវ