ភ្នំពេញ ៖ ការខិតខំរបស់លោក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទនងទ្វេភាគី កម្ពុជា-ហ្វីលីពីន និងបានរួមចំណែកក្នុងការជួយដឹកនាំ មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាននៅកម្ពុជា ដែលប្រទេសហ្វីលិពីន ក៏បានផ្តល់ការរួមចំណែកនូវថវិកាមួយចំនួន សម្រាប់មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាន នៅកម្ពុជា។
លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើយ៉ាងខ្លាំង នូវការដឹកនាំរបស់សម្តែងតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំ ធ្វើឱ្យមានការប្រែប្រួលរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ទាំងទៅលើផ្នែកហេដ្ឋារវចនាសម្ព័ន្ធរូបវ័ន្ត និងនៅក្នុងការគិតគួរទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋផងដែរ។
លោកឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាទើបចប់អាណត្តិ បានថ្លែងកោតសរសើយ៉ាងដូចនេះ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស។
លោកឯកអគ្គរដ្ឋទូតហ្វីលីពីន បានលើកឡើងបន្តថា នៅក្នុងអាណត្តិកាទូតរបស់លោកផ្ទាល់ គឺមានកិច្ចសហប្រតិបត្តិការជាច្រើន ហើយនឹងមានឯកសារជាច្រើនផងដែរ ដែលបានចុះហត្ថលេខា នៅក្នុងកិច្ចសហប្រតិបត្តិការដូចជា កិច្ចសហប្រតិបត្តិការ របស់ក្រសួងការបរទេស ជាមួយនឹងវិទ្យាស្ថានការបរទេសរបស់ហ្វីលីពីន ក្នុងការជំរុញអ្នកស្រាវជ្រាវ បណ្តុះបណ្តាលអ្នកការទូតរវាងក្រសួងទាំង២ផងដែរ។
លោក Christopher Baltazar MONTERO ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសហការ នៅពេលដែលប្រទេសហ្វីលីពីនជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៧កន្លងទៅ និងបានរួមចំណែកក្នុងការប្ររព្ធខួប៥០ឆ្នាំរបស់អាស៊ាន ហើយឆ្នាំមុននេះក៏បានប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ក្នុងនៅដែរក្នុងអាណត្តិរបស់លោកផ្ទាល់ ក៏បានដាក់ឱ្យដំណើរការជើងហោះហើរត្រង់ ពីម៉ានីល មកកាន់ទីក្រុងភ្នំពេញផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់លោក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានកោតសរសើរពីការរីកចំរើនរបស់កម្ពុជា ដោយលោកបានបញ្ជាក់ថា ជាការពិតហើយកម្ពុជា មិនទាន់បានក្លាយជាប្រទេសអ្នកមាននោះទេ ក៏ប៉ុន្តែប្រជាជនកម្ពុជា បានរស់នៅដោយភាពសប្បាយរីករាយ ក្រោមតំបូលសន្តិភាព ដែលរដ្ឋាភិបាលបានបន្តថែរក្សា និងខិតខំធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា កាន់តែមានការរីកចំរើនទៅមុខជាដំដាប់ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានថ្លែងថា ការខិតខំរបស់លោក ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ បានពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទនងទ្វេភាគី កម្ពុជា-ហ្វីលីពីន និងបានរួមចំណែកក្នុងការជួយដឹកនាំ មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាននៅកម្ពុជា ដែលប្រទេសហ្វីលិពីន ក៏បានផ្តល់ការរួមចំណែកនូវថវិកាមួយចំនួន សម្រាប់មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាន នៅកម្ពុជា។
លោក ប្រាក់ សុខុន បានថ្លែងថា តាមរយៈលោកទូត ដែលធ្វើឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងកម្ពុជា-ហ្វីលីពីន ក្នុងនោះប្រទេសហ្វីលីពីន ក៏បានផ្តល់អាហារូបរណ៍ចំនួន៦០កន្លែងដល់និស្សិតខ្មែរ ដើម្បីបានទៅរៀននៅហ្វីលីពិន៕ ដោយ ៖ កូឡាប