រដ្ឋមន្ត្រីការបរទេសអាមេរិច លោក Mike Pompeo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ដោយគ្មានការព្រៀងទុកជាមុន ក្រោយពេលមានភាពតានតាងកើនឡើងជាមួយនឹងប្រទេសអ៊ីរ៉ង។
លោកបានលុបចោលដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងប៊ែឡាំង ប្រទេសអាឡឺម៉ង ដើម្បីទៅជួបជាមួយនឹងមេដឹកនាំអ៊ីរ៉ាក់ ក្នុងកំឡុងការឈប់រយៈពេល ៤ម៉ោងក្នុងរដ្ឋធានីបាដាដ។
ការធ្វើដំណើរទៅកាន់អ៊ីរ៉ាក់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលអាមេរិចបានបញ្ជូននាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់បជ្ឍិមបូព៌ា ដែលមន្ត្រីអាមេរិចបញ្ជាក់ថា វាគឺជាការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីរ៉ងលើកងកម្លាំងអាមេរិច និងសម្ព័ន្ធមិត្ត។
អាមេរិចបញ្ជេញពត៌មានលំអិតបន្តិចប៉ុណ្ណោះ ជុំវិញការធ្វើដំណើររយៈពេលខ្លីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិចទៅកាន់អ៊ីរ៉ាក ទោះយ៉ាងណា គេបានដឹងថា លោក Mike Pompeo បានជួយផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក Adil Abdul-Mahdi។
លោកបានថ្លែងទៅកាន់អ្នកសារពត៌មានក្រោយកិច្ចប្រជុំថា លោកចង់ជួបនិយាយជាមួយនឹងមេដឹកនាំ ក្នុងប្រទេសអ៊ីរ៉ាក ដើម្បីធ្វើការធានាដល់ពួកគេថា ពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការបន្តធានាថា ប្រទេសអ៊ីរ៉ាកជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC