ប៉ៃលិន ៖ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តប៉ៃលិន លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានជំរុញអាជ្ញាធរខេត្តជាប់ព្រំដែនមួយនេះ យកចិត្តទុកដាក់លើកកម្ពស់គុណភាព ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្សអោយល្អ មានប្រសិទ្ធភាពព្រមជាមួយគ្នា ។
លោក ហ៊ុន ម៉ានី បានដឹកនាំសហការីចុះសិក្សាស្វែងយល់ការងារនៅខេត្តប៉ៃលិន និងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។ ជាមួយការស្នើសុំឲ្យពង្រឹងគុណភាពអប់រំ លោក ហ៊ុន ម៉ានី បានចែករំលែក បទពិសោធន៍ ដែលខេត្តមួយចំនួន បានអនុវត្តរួចហើយ នៅក្នុងវិស័យអប់រំ យុវជន កីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នេះ។
ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តឲ្យអាជ្ញាធរ បង្កើនគុណវុឌ្ឍលោកគ្រូអ្នកគ្រូតាមរយៈការរៀបចំវគ្គបំប៉ន ឬវគ្គចែករំលែកវិធីសាស្ត្រ និងគន្លឹះនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ដែលមានបទពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូជំនាន់ក្រោយដើម្បីបង្កើនសមត្ថភាពក្នុងការបង្រៀនដល់សិស្សានុសិស្សឲ្យកាន់តែច្បាស់លាស់និងមានប្រសិទ្ធភាព។
លោកផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ពីលទ្ធផលការងារដែលខេត្តសម្រេចបាន ជាពិសេសនៅក្នុងវិស័យអប់រំ យុវជន វប្បធម៌ និងទេសចរណ៍ ជាដើមនោះ។ លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តប៉ៃលិនមានគ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន ៨២ទីតាំង នៅគ្រប់កម្រិត ចាប់ពីមត្តេយ្យសិក្សាទៅ។
លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត បន្តខិតខំ និងអភិវឌ្ឍការងារបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការគ្រប់គ្រង ជាពិសេសនៅសាលាតាមបណ្តោយព្រំដែន។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិនរួចមក ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ល៩ក ហ៊ុន ម៉ានី បានជួបសំណេះសំណាលសាកសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៅអនុវិទ្យាល័យផ្សារព្រំផងដែរ៕ ដោយ ៖ កូឡាប