Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន បែងចែក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​

​ភ្នំពេញ ​៖ ក្រសួង​បរិស្ថាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការហាមឃាត់​ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន បែងចែក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​។​

​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​នេះ បន្ទាប់ពី​បាន​ពិនិត្យឃើញថា មាន​បុគ្គល​មួយចំនួន​បាន​ធ្វើការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន បែងចែក ដី​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ និង​នៅក្នុង តំបន់ការពារធម្មជាតិ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ក្រោមលេស​ខ្វះ​ដី​អាស្រ័យ​ផល និង​បង្កបង្កើនផល​។ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ក្រសួង​បរិស្ថាន សូម​ដាក់​ចេញ នូវ វិធានការ​និង​ណែនាំ​ដូចខាងក្រោម​៖ ទោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ណាក៏ដោយ ក៏​ពុំ​មាន​សិទ្ធិ​រុករាន​ដីព្រៃ កាន់កាប់ និង​បែងចែក​ដី នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​ទេ​។ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ល្មើស​ច្បាប់​ដូចជាការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន ហ៊ុម​ព័ទ្ធ បែងចែក ដី​ព្រៃឈើ និង​ការដាំដុះ​ដំណាំ​លើ​ដី​សហគមន៍ តំបន់ការពារធម្មជាតិ និង ដី​ក្នុង​តំបន់ការពារធម្មជាតិ​។ ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​ការទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​សហគមន៍ តំបន់ការពារធម្មជាតិ និង​ក្នុង​តំបន់ការពារធម្មជាតិ​។ មន្ទីរ​បរិស្ថាន​ខេត្ត​ត្រូវ​ដឹកនាំ​មន្ត្រី​ឧទ្យានុ​រក្ស ដោយ​សហការ​ជាមួយ​រដ្ឋបាល​ដែនដី ក្នុង​ការអប់រំ ផ្សព្វផ្សាយ លិខិតបទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដល់​មហាជន​ទូទៅ ជាពិសេស​ប្រជា​សហគមន៍​មូលដ្ឋាន​។ អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុស​ច្បាប់​កន្លង​មក​ត្រូវ​រុះរើ​ខ្ទម តង់ និង​សំណង់​អនាធិបតេយ្យ ហើយ ប្រគល់​ដី និង​ទីតាំង​មក​ឱ្យ​ក្រសួង​បរិស្ថាន​វិញ​ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ​។​

​ក្រសួង​បរិស្ថាន ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស ដូច​បាន​រៀបរាប់​ខាងលើ​ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់​ជា​ធរមាន។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ ឱ្យបាន​ទូលំទូលាយ​ដល់​មហាជន និង​សហគមន៍​មូលដ្ឋាន ដើម្បី​បង្កើន​ការយល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ព្រមទាំង​ផ្តល់​កិច្ចសហការ ក្នុង​ការអនុវត្ត​វិធានការ​ចាំបាច់ នានា​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕​ ដោយ​៖​កូឡាប​

×