ខេត្តព្រះសីហនុ ៖ ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ នឹងដឹកនាំសមាជិកសមាជិកា របស់ខ្លួន ដើម្បីបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលខ្វះឈាមសម្រាប់ផ្តល់ជូនអ្នកជំងឺមានជីវភាពក្រីក្រ ហើយខ្វះលទ្ធភាពរកឈាម ឬទិញឈាម ។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយសារមន្ទីរពេទ្យមានកង្វះខាតប្រភេទឈាមមួយចំនួន សម្រាប់ផ្តល់ជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់នោះ។ លោកថា នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ នឹងមានពិធីប្រមូលផ្តុំបរិច្ចាកឈាម ជាលក្ខណៈស្ម័គ្រចិត្តមួយ ដើម្បីផ្តល់ឈាមមនុស្សធ៌មជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
តាមរយៈបណ្តាញផ្សព្វផ្សាយ លោកឧកញ៉ា វណ្ណ សុខហេង ដែលជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ពន្ធនាមា ជាពិសេស លោក-លោកស្រី ដែលជាប្រធាន-អនុប្រធានសហគ្រាសធុនតូច និងមធ្យមទាំងអស់ នាខេត្តព្រះសីហនុ សូមមេត្តាជួយកៀងគរសមាជិកស្ម័គ្រចិត្ត របស់ខ្លួន ឲ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឬយ៉ាងហោចណាស់ ក្នុងមួយស្ថាប័នឲ្យបាន ៥នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចាប់វេលាម៉ោង ៨ព្រឹកតទៅ។
លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្លែងសាទរ ចំពោះសកម្មភាពមនុស្សធម៌ របស់សមាជិកសមាជិកា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ ដែលតែងតែមកចូលរួមបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់មកនេះ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា វាជាលើកទី៤ ហើយដែល លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តព្រះសីហនុ បានដឹកនាំសមាជិកមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ស្របពេលមន្ទីរពេទ្យនេះ ត្រូវការឈាមប្រើប្រាស់ប្រចាំថ្ងៃ ជាចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស៕ ដោយ ៖ ដែន សីមា