លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជូយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី ៣ ចំនួន ៥១៨នាក់ នៅសាលប្រជុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩។
ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី ៣ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ។ សម្រាប់ខេត្តស្វាយរៀង មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងមាន ០៣ សម្រាប់ក្រុមប្រឹក្សាខេត្ត និង មាន ០២ គណបក្ស សម្រាប់ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ។ លោកជំទាវ បានណែនាំ ដល់អង្គបោះឆ្នោត ត្រូវចាំលេខរៀងនៅតាម ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងចាំអំពីរូបសញ្ញារបស់ គណបក្សប្រជាជនកម្ពុជាផងដែរ។
លោកជំទាវក៏បានសំណូមពរដល់អង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ទ្វេដងបន្ថែមទៀត រួមសហការគ្នាក្នុងស្មារតី ទទួលខុសត្រូវ ការងារ៖
១. ត្រូវគោរពតាមបទប្បញ្ញាត្តិបទដ្ឋានគតិយុត្តិដែល គ.ជ.ប បានកំណត់
២. ក្ដាប់ជាប់ភារកិច្ចរួមជាយុទ្ធសាស្ត្រ គឺពង្រឹង កម្លាំងមហាសាមគ្គីប្រជាជាតិ ការពារឯករាជ្យ អធិបតេយ្យ និងបូរមណភាពទឹកដីកម្ពុជា ថែរក្សាសន្ដិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានរឹងមាំ។
៣. ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រមទាំងរាំងស្កាត់រាល់ឧបាយកល និងសកម្មភាពពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងបំផ្លាញរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
៤. ប្រតិបត្តតាមអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។
៥. ត្រូវតម្កល់ខ្ពស់ស្មារតីស្នេហាជាតិបរិសុទ្ធ ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យ បានគង់វង្ស ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់ បរទេសចូល កិច្ចការផ្ទៃក្នុងកម្ពុជា និងមិនឱនក្បាល ចំពោះ ការដាក់សម្ពាធណាមួយពីខាងក្រៅ ថែរក្សា សន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំលើមូលដ្ឋានប្រតិបត្តិ យ៉ាងម៉ឺងម៉ាត់ រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
៦. ត្រូវបន្ដជំរុញអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពឱ្យបាន ទូលំទូលាយ និងស៊ីជម្រៅក្នុងគ្រប់ស្រទាប់ប្រជាជន ពិសេសស្រទាប់យុវជន អំពីសភាពការណ៍រីកចំរើនរបស់ ប្រទេសជាតិ អំពីគោលនយោបាយនានារបស់គណបក្ស និងរាជរដ្ឋាភិបាលអំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបករាល់ការឃោសនាអកុសលរបស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់ គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់ ពួកប្រឆាំង និងអមិត្ត។
៧. សមាជិក សមាជិកាអង្គបោះត្រូវរៀនគូសលើ សន្លឹក ឆ្នោតឲ្យល្អប្រសើរ ដើម្បីជៀសវាងការភ័នច្រឡំ
៨. ក្រុមការងារ និងគណបក្សស្រុក-ក្រុងទាំងអស់ ត្រូវ សហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ ធានាថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសត្រូវ ការពារទាំងមណ្ឌល និងការិយាល័យបោះឆ្នោត ការពារ សុវត្ថិភាពជូនបេក្ខជនឈរឈ្មោះ និងការពារលទ្ធផល បោះឆ្នោត ព្រមទាំងគ្រប់គ្រង សភាពការណ៍ក្រោយការ បោះឆ្នោតឱ្យបានល្អប្រសើរ ហើយត្រូវរាយការណ៍ជូន គណៈអចិន្ត្រៃយ៍គណបក្សខេត្ត នូវលទ្ធផលនៃការ បោះឆ្នោត សភាពការណ៍ផ្សេងៗឱ្យបានទៀងទាត់តាមការជាក់ស្ដែង ៕ ដោយ ៖ វ៉ៃកូ