ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនកម្រិតខ្ពស់ថ្នាក់តំបន់ និងអាស៊ាន សម្រាប់គាំទ្រប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិ ជូនដល់សិក្ខាកាមមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន ចំនួនជាង ៦០រូប នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីចែករំលែកនូវបទពិសោធន៍លើជំនាញបោសសម្អាតមីនកម្រិតខ្ពស់ ដែលជាការបង្ហាញនូវការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យកងកម្លាំងកម្ពុជាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឲ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីនាំមកនូវកេរិ៍ឈ្មោះជូនដល់ប្រទេសជាតិរបស់យើង៕ ដោយ៖បញ្ញាស័ក្តិ