Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា និង​រាជរដ្ឋាភិបាល មានជំនឿថា ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ជា​យន្តការ​ការពា​រធ​ន​ធាន​ប្រេង​ដោយ​តម្លាភាព​

​ភ្នំពេញ​៖ ​នៅក្នុង​ឱកាស​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាតរួមគ្នា ទាំង​គណៈកម្មការ​ជំនាញ​រដ្ឋសភា​និង​តំណាង​រាជរដ្ឋាភិបាល បាន​សម្តែង​សុ​ទិដ្ឋិ​យម​ថា សេចក្តីព្រាង​ច្បាប់​ខាងលើ​នេះ នឹង​ក្លាយជា​យន្តការ​ដ៏​សំខាន់​មួយ​សម្រាប់​ធានា​ការពារ​ដល់​ការអភិវឌ្ឍ​ធនធាន​ប្រេងកាត​របស់​កម្ពុជា​ឲ្យមាន​តម្លាភាព ប្រសិទ្ធភាព​ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ ជីវភាព​ប្រជាពលរដ្ឋ​។​

​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី​និន សា​ផុន បាន​ជួបប្រជុំ​ជាមួយ តំណាង​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក​សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា ដើម្បី​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​។​

​លោក សុខ ខា​វ៉ាន់ បាន​មានប្រសាសន៍​ឲ្យដឹងថា សេចក្តីព្រាង​ច្បាប់​ខាងលើ​នេះ បាន​កាត់​តែង​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ ដោយ​មាន​ការចូលរួម​ពី​អ្នកជំនាញ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​បន្តថា នៅក្នុង​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ​បាន​អនុម័ត ក្លាយជា​យន្តការ​ច្បាប់​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ឲ្យមាន​ប្រសិទ្ធភាព តម្លាភាព​និង​គណនេយ្យភាព ព្រមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគទុន​ដែល​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ប្រេងកាត​នេះ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មាន​បន្ថែមថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត បាន​តាក់តែងឡើង ស្រប​តាម​បទដ្ឋាន​និងឧ​ត្ត​មានុ​ភាព​ជា​អន្តរជាតិ​ក្នុង​វិស័យ​រ៉ែ និង​បាន​ការពារ​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​និរន្តរភាព​។​

​នៅក្នុង​ឱកាស​ពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត ពី​យុទ្ធសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ធនធាន​រ៉ែ និង​ប្រេងកាត​នៅ​កម្ពុជា​។ ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រេងកាត​នេះ ព្រមទាំង​បាន​ធ្វើ​បទ​បង្ហាញ​ពី​យន្តការ​លើកកម្ពស់​កា​រ​ចូលរួម និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ធនធាន​រ៉ែ​និង​ប្រេងកាត ជូន​ដល់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ទៀតផង​។

​លោកស្រី​និន សា​ផុន បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ចងក្រង​សេចក្តីព្រាងច្បាប់​នេះឡើង​។ លោកស្រី​មាន​ជំនឿ​មុតមាំ​ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា កាន់តែ​លឿន​ឡើង សំដៅ​រួមចំណែក ដល់​ការលើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​ឡើង​។ ជាមួយគ្នានេះ រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ ផងដែរ​៕​ ដោយ​៖​កូឡាប​

×