បន្ទាយមានជ័យ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា ដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់ថ្នាក់លើ និងក្ដាប់រាល់សភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនហើយ នៅពេលមានសភាពការចាំបាច់ត្រូវរាយការណ៍សុំគោលការណ៍ថ្នាក់លើ ត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍។
ថ្ងៃចន្ទ ០២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ ព្រមទាំងនាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូប និងធ្វើបទឧទ្ទេសនាមដោយ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ និងក្ដាប់រាល់សភាពការណ៍ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ លោកឧត្ដមសេនីយ៍បានបញ្ជាក់ទៀតថា នៅពេលមានសភាពការចាំបាច់ត្រូវរាយការណ៍សុំគោលការណ៍ថ្នាក់លើ -ត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើងជាយថាហេតុ ហើយអាវុធហត្ថគ្រប់រូប ត្រូវអនុវត្តន៍ឲ្យបានសមស្រប ប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺងម៉ាត់ គោរពវិន័យ និងអាកប្បកិរិយាល្អក្នុងពេលបំពេញភារកិច្ច ជាពិសេសគោរពច្បាប់ គោរពសិទិ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ចាត់តាំងកម្លាំងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើង គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខផងដែរ និង ត្រូវចុះត្រួតពិនិត្យជាប្រចាំគ្រប់មុខសញ្ញា កម្លាំងប្រតិបត្តិការទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបានល្អ និង ត្រៀមជួយសង្គ្រោះគ្រប់សភាពការណ៍ដែលកើតឡើងជាយថាហេតុ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអង្គបោះឆ្នោតគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ គ្រប់គោលដៅទាំងអស់ ត្រូវធ្វើរបាយការណ៍តាមរបបកំណត់ផងដែរ ៕ ដោយ៖កូឡាប