រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានធ្វើការបញ្ជាក់ថា ប្រទេសរបស់លោកនឹងមិនធ្វើការចរចាជាមួយនិងប្រធានាធិបតី ដូណាល់ ត្រាំឡើយ ប្រសិនជាអាមេរិច មិនបង្ហាញការគោរពដល់ទីក្រុងតេហេរ៉ង់ ជុំវិញការប្តេជ្ញារបស់ខ្លួនក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ CNN លោក Mohammad Javad Zarif បានធ្វើការព្រមានថា “អាមេរិចកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់” ដោយការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។
លោកបានធ្វើការរិះគន់អាមេរិច ដែលបានបញ្ជូនកងនាវាដឹកយន្តហោះ USS Abraham Lincoln និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់ឈូងសមុទ្រពែក្ស។
លោកថ្លែងថា “ការមានវត្តមានយោធាបែបនោះនៅក្នុងតំបន់តូចមួយ គឺជាសញ្ញាធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងឆាប់រហ័ស។ វាតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយអាមេរិចកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់”។
លោកបានធ្វើការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកបានដើរចេញមុនគេពីកម្មវិធីផែនការរួម (Joint Comprehensive Plan of Action) ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីកម្រិតសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ជាថ្នូរទៅនឹងការដកទណ្ឌកម្ម។
លោកនិយាយថា “ពួកយើងមិនមានឆន្ទៈចរចាជាមួយមនុស្សដែលបានរំលោភការសន្យារបស់ពួកគេទេ”។
សូមបញ្ជាក់ថា កម្មវិធីផែនការរួម ត្រូវបានចុះហត្ថលេខាដោយ អាមេរិច អ៊ីរ៉ង់ អង់គ្លេស ចិន បារាំង អាឡឺម៉ង់ និងរុស្សី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN