បុរសអ្នកឡើងភ្នំជនជាតិអាមេរិចម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលចុះពីកំពូលភ្នំអេវឺរេស (Everest)។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេប៉ាល់មួយដែលបានដឹកនាំបេសកម្មឡើងភ្នំ។
លោក Donald Lynn Cash វ័យ ៥៥ឆ្នាំ មកពីរដ្ឋ Utah របស់អាមេរិចបានស្លាប់នៅថ្ងៃពុធកន្លងទៅនេះ ក្រោយពេលមានបញ្ហាសន្លប់បាត់ស្មារតី ដោយសារតែឈឺធ្ងន់ ក្រោយពេលឡើងដល់កំពូលភ្នំអេវឺរេស។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Pioneer Adventure Pvt ។
ក្រុមហ៊ុនបញ្ជាក់ថា អ្នកនាំផ្លូវ (Guide) របស់ខ្លួនបានព្យាយាមជួយសង្គ្រោះដល់លោក Donald Lynn Cash ខណៈកំពុងនាំគាត់ចុះពីលើភ្នំ។
“ក្រុមអ្នកនាំផ្លូវរបស់ពួកយើងបានធ្វើការម៉ាស្សា និងធ្វើចលនាបេះដូង និងបង្កើនសម្ពាធអ៊ុកស៊ីនសែន ដើម្បីអោយគាត់រស់បាន។ ក្នុងស្ថានភាពបែបនោះ អ្នកនាំផ្លូវបានព្យាយាមជួយសង្គ្រោះ និងនាំគាត់ទៅកាន់ជំរុំទី ៤អោយបានលឿនតាមតែអាចធ្វើបាន”។
លោក Donald Lynn Cash បានដួលនៅក្បែរផ្លូវឈ្មោះ Hillary Step ដែលគេប៉ាន់ប្រមាណថាមានកំពស់ ៨.៧៧០ម៉ែត្ រ។
ក្រុមហ៊ុនបញ្ជាក់ថា “ទោះបីមានការប្រឹងប្រែងជួយយ៉ាងណាក៏ដោយ ពួកគេនៅតែមិនអាចសង្គ្រោះជីវិតរបស់លោក Donald Lynn Cash បាន”។
សូមបញ្ជាក់ថា ភ្នំអេវឺរេសគឺជាភ្នំដែលមានកំពស់ខ្ពស់បំផុតនៅក្នុងពិភពលោក។ ភ្នំនេះមានកំពស់រហូតដល់ ៨.៨៤៨ម៉ែត្រ ហើយមានទីតាំងស្ថិតក្នុងប្រទេសនេប៉ាល់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព ៖ CNN