ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនខ្នាតអន្តរជាតិ គេមិនជឿលើមនុស្សប្រឆាំងមួយក្រុមនោះទេ គឺច្បាស់ណាស់ គេគោរពភាពស្របច្បាប់របស់រដ្ឋមួយ និងធ្វើការទំនាក់ទំទងពាណិជ្ជកម្ម ផ្អែកលើច្បាប់ នៅក្នុងប្រទេស ដែលគេដាក់ទុនបង្កើតពាណិជ្ជកម្ម។
ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនខ្នាតអន្តរជាតិ គេមិនផ្អើលតាមការញុះញង់របស់មនុស្សក្រៅច្បាប់ទេ ដូច្នេះកញ្ញា កឹម មនោវិទ្យា និងអតីតមេដឹកនាំគណបក្សប្រឆាំងគួរបញ្ឈប់សកម្មភាពអង្វរបរទេស ឲ្យមកកម្ទេចឆ្នាំងបាយកម្មករ និងប្រជាពលរដ្ឋខ្មែរតទៅទៀត។
លោកបានថ្លែងថា “ក្នុងន័យនេះ គ្រប់ក្រុមហ៊ុនខ្នាតអន្តរជាតិ គឺគេមិនផ្អើលតាមមនុស្សដែលស្ថិតនៅក្រៅក្របខ័ណ្ឌច្បាប់ និង ក្រៅក្របខ័ណ្ឌផ្លូវរដ្ឋនោះទេដូច្នេះ កញ្ញា កឹម មនោវិទ្យា និងអតីតមេដឹកនាំបក្សប្រឆាំងមួយចំនួនគួរបញ្ឈប់សកម្មភាពអង្វរ
ជនបរទេសឲ្យមកកម្ទិចឆ្នាំងបាយកម្មករ និងប្រជាពលរដ្ឋខ្មែរទៀតទៅ ពីព្រោះថាសកម្មភាពរបស់អស់លោក លោកស្រី មិនបានឆ្លុះបញ្ចាំងអំពីការការពារនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនោះឡើយ”។
ការលើកឡើងរបស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា បានប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០១៨ខាងមុខនេះ នឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីសពីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នាថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា និងអតីតក្រុមដឹកនាំអតីតគណបក្សប្រឆាំង នៅតែបន្តធ្វើសកម្មភាពជំរុញឲ្យសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា តាមរយៈការស្នើឲ្យកាត់ផ្តាច់ការអនុគ្រោះពន្ធ និងការបិទការនាំចូលពីកម្ពុជា ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករខ្មែរ រាប់លាននាក់ ដែលកំពុងរស់នៅដោយពឹងផ្អែកលើវិស័យកាត់ដេរ និងធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ថា កំពុងដើរតាមគន្លងក្បត់ជាតិរបស់ឪពុករបស់នាង។ លោកចាត់ទុកថា ការញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា គឺជាឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញប្រយោជន៍ជាតិ៕ ដោយ៖បញ្ញាស័ក្តិ